ភ្នំពេញ៖ ស្ថានទូតវៀតណាមប្រចាំកម្ពុជា ដែលស្រង់យកពីការចុះផ្សាយរបស់សារព័ត៌មានវៀតណាមឈ្មោះ Xingnews នៅថ្ងៃទី១១ខែមិថុនាម្សិលមិញនេះថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) ប្រកាសថា មានគម្រោងបើកជើងហោះហើរជាមួយកម្ពុជានិងឡាវឡើងវិញ ចាប់ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ទៅ។
យោងតាមបណ្ដាញហ្វេសប៊ុករបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា បកប្រែពីភាសាវៀតណាម ដែលផ្សាយដោយ Zingnews មកជាភាសាខ្មែរថា ចាប់ពីថ្ងៃទី២ ខែកក្កដាទៅ គឺអាចមាន៧ជើងហោះហើរ ក្នុង១ថ្ងៃ គឺជើងហោះហើររវាងទីក្រុងហាណូយ ប្រទេសវៀតណាម និងទីក្រុងវៀនច័ន្ទ ប្រទេសឡាវ ជើងហោះហើររវាងទីក្រុងវៀងច័ន្ទ និងរាជធានីភ្នំពេញ និង ជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។
តំណាងក្រុមហ៊ុន Vietnam Airlines លើកឡើងថា កាលបរិច្ឆេទនៃគម្រោងហោះហើរនេះ គឺជាផែនការរបស់ក្រុមហ៊ុន។ តំណាងរូបនោះបន្តថា ក្រុមហ៊ុន Vietnam Airlines កំពុងពិភាក្សាលម្អិតជាមួយលេខាធិការដ្ឋានអាកាសចរស៊ីវិលវៀតណាម បណ្តាក្រសួងគមនាគមនិងដឹកជញ្ជូន ក្រសួងការបរទេស និងក្រសួងសុខាភិបាលវៀតណាម ដើម្បីរកវិធានការបើកជើងហោះហើរឡើងវិញ តាមការគ្រោងទុក។តំណាង Vietnam Airlines បញ្ជាក់ថា ក្រុមហ៊ុន នឹងចេញសេចក្តីជូនដំណឹងជាផ្លូវការពីការបើកជើងហោះហើរនេះ ក្រោយមានឯកភាពចុងក្រោយជាមួយនឹងបណ្តាភាគីពាកព័ន្ធ។
ដោយឡែកអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ជា អូន បានឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែមិថុនា ថា មិនមែនតែក្រុមហ៊ុនវៀតណាមទេ ក្រុមហ៊ុនបរទេសផ្សេងទៀត ក៏ចង់បើកជើងហោះហើរឡើងវិញជាមួយកម្ពុជាដែរ។
អ្នកនាំពាក្យរូបនេះ ថ្លែងថា បើក្រុមហ៊ុនហោះជើងវៀតណាម សម្រេចបើកដំណើរការឡើងវិញ ភាគីកម្ពុជា ប្រហែលមិនបដិសេធទេ តែរាល់ភ្ញៀវ ដែលមកដល់ ត្រូវឆ្លងកាត់ពិនិត្យសុខភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោក មានប្រសាសន៍ថា៖«យើង អត់ដែលហាមឃាត់ណា»។
លោក បន្ថែមថា ស្ថានភាពជំងឺកូវីដ-១៩ នៅវៀតណាមនិងនៅឡាវ មិនសូវធ្ងន់ធ្ងរឡើយ។ លើសពីនេះ លោក មើលឃើញថា ប្រទេសទាំង២នេះ ទប់ស្កាត់ជំងឺកូវីដ-១៩ បានល្អ។
លោក អះអាងទៀតថា បច្ចុប្បន្ន ភ្ញៀវដែលធ្វើដំណើរតាមជើងហោះហើរមកកម្ពុជា មានចំនួនច្រើនជាងមុនបន្តិច។ លោក បញ្ជាក់ថា៖«ឥឡូវមិនសូវស្ងាត់ទេ»។
សូមជម្រាបថា កាលអំឡុងខែមីនា ឆ្នាំ២០២០កម្ពុជា សម្រេចបិទច្រកទាំង៣ជាមួយវៀតណាម គឺទាំងផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស ដោយមិនឲ្យពលរដ្ឋនៃប្រទេសទាំង២ ធ្វើដំណើរចេញចូល ដើម្បីបង្ការការរាលដាលជំងឺកូវីដ-១៩។ ជាមួយថៃ កម្ពុជា បិទតែព្រំដែកផ្លូវគោកប៉ុណ្ណោះ ។ យ៉ាងណាប្រទេសទាំង៣ នៅអាចដឹកជញ្ជូនទំនិញចេញចូលជាធម្មតា ក្រោមការពិនិត្យគ្នាទៅវិញទៅមកយ៉ាងហ្មត់ចត់។ មកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១២៦នាក់ ដោយជាសះស្បើយ១២៥នាក់ ។ ប្រទេសឡាវ មានអ្នកឆ្លង១៩នាក់ ជាសះស្បើយទាំង១៩នាក់ ។ ចំណែកប្រទេសវៀតណាមវិញ មានអ្នកឆ្លង ៣៣២នាក់ ជាសះស្បើយ៣២០នាក់ ។ រីឯប្រទេសថៃ មានអ្នកឆ្លងជាង៣ពាន់នាក់ ជាសះស្បើយជិត៣ពាន់នាក់ ស្លាប់៥៨នាក់។
គួរបញ្ជាក់ថា កម្ពុជា ឡាវ និង វៀតណាម គ្មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នោះទេ៕ដោយ៖ស តារា