ខេត្តកណ្ដាល៖ ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យការរៀន និងបង្រៀនពីចម្ងាយនៅតាមសាលារៀននានាក្នុងខេត្តកណ្ដាល ដើម្បីធានាបានថា កម្មវិធីអប់រំនៅតែអាចប្រព្រឹត្តទៅទោះសាលាកំពុងត្រូវបានបិទទ្វាជាបណ្ដោះអាសន្ន ក្នុងស្ថានភាពអន្តរកាលដែលបង្កដោយជំងឺកូវីដ-១៩ក្ដី៕
សកម្មភាពចុះពិនិត្យនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ការចុះពិនិត្យនេះបានប្រព្រឹត្តទៅនៅសាលាបឋមសិក្សា ហ៊ុន សែនប៊ុនរ៉ានី អនុវត្តក្រុងតាខ្មៅ វិទ្យាល័យ ហ៊ុន សែន សំពៅពូន សាលាបឋមសិក្សា ពោធិរាម្មា ស្រុកកោះធំ ខេត្តកណ្ដាល។
សូមជម្រាបថា ខណៈក្រសួងអប់រំ យុវជន និងកីឡា បានបិទសាលាជាបណ្ដោះអាសន្ន ក្រសួងបានប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការលើកកម្ពស់គុណភាពអប់រំពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក ផលិតនូវមាតិកាឌីជីថល ចាក់ផ្សាយទាំងតាមប្រព័ន្ធអ៊ីនធឺណិត និងនៅលើកញ្ចក់ទូរទស្សន៍ ផ្ដល់ភាពអំណោយផលដល់សិស្សទាំងនៅទីក្រុង និងជនបទ ដើម្បីធានាបានថាកម្មវិធីអប់រំប្រព្រឹត្តទៅប្រកបដោយសមធម៌ និងបរិយាបន្ន។ ទន្ទឹមនឹងការប្រឹងប្រែងរបស់ក្រសួងអប់រំ ក្រោមការចង្អុលបង្ហាញដោយរាជរដ្ឋាភិបាលកម្ពុជា ក៏មានការចូលរួមគាំទ្រពីសំណាក់ដៃគូ ស្ថាប័នពាក់ព័ន្ធនានាផងដែរ៕
ដោយ៖ សហការី