ភ្នំពេញ៖ ស្ថានភាពជំងឺរបស់ Mr Queen នៅមិនទាន់ធូរស្បើយនៅឡើយខណៈអតីតតារារូបនេះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសៈមៈ ឬពេទ្យលោកសង្ឃ ហើយរូបលោកក៏ត្រូវការឈាម៤សាក់ ដើម្បីសង្គ្រោះជីវិតក្នុងគ្រាដែលស្ថានភាពជំងឺដុនដាបខ្លាំងនេះ។
ថ្មីៗនេះមានសមាគំសិល្បករខ្មែរ និងមិត្តសិល្បៈ និងជាអ្នកដែលធ្លាប់កៀរគរជំនួយជួយដល់តារាកំប្លែងរូបនេះ ក្រោយពីអតីតតារាកំប្លែងភេទទី២រូបនេះបានបាត់ចំណូល៣ឆ្នាំហើយ ក្រោយពីលោកធ្លាក់ខ្លួនឈឺដោយសារជំងឺមហារីក និងរបេង។ តារាកំប្លែងរូបនេះបានធ្លាក់ខ្លួនរស់នៅក្នុងបន្ទប់ជួលតូចមួយក្នុងរាជធានីភ្នំពេញជាមួយម្ដាយ និងប្អូនម្នាក់ ហើយបច្ចុប្បន្នពួកគេកំពុងត្រូវការជំនួយពីសប្បុរសជន។
តារាសម្តែង សាយ សៀរ៉ាបានបញ្ជាក់ថា មុននេះលោកបានរៃអង្គាសថវិកាទៅជួយគាត់ឥឡូវ មានតែអំពាវនាវបន្ថែមទៀត ហើយអ្វីដែលគាត់ត្រូវការចាំបាច់ និងបន្ទាន់នៅពេលនេះ គឺឈាម ដែលលោកសង្ឃឹមថានឹងមានសប្បុរសជនជួយគាត់បន្ថែមទៀត។
គួរបញ្ជាក់ដែរថាតារាកំប្លែងភេទទី៣ Mr Queen ដែលមានឈ្មោះពិតថា ហួត វឌ្ឍនា ត្រូវបានមហាជនស្គាល់តាមរយៈការតុបតែងខ្លួនប្លែកៗ អមដោយកាយវិការកំប្លែងរបស់លោកតាមបណ្ដាញសង្គម។ លោកក៏ធ្លាប់ឡើងឆាកតន្ដ្រីធំៗលេងកំប្លែងខ្លះដែរ ប៉ុន្ដែរយៈពេលជាង៣ឆ្នាំចុងក្រោយនេះស្រាប់តែបាត់មុខលោកឈឹងពីសិល្បៈ ៕
ដោយ វឌ្ឍនា