ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋាភិបាលប្រទេសជប៉ុន បន្តផ្តល់ជំនួយសង្គ្រោះបន្ទាន់ ជាបរិក្ខាវេជ្ជសាស្ត្រ និងបច្ចេកទេស ដល់កម្ពុជា ដែលមានតម្លៃជាង៦,៣លានដុល្លារ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ (COVID-19)។ ដោយជំនួយនេះ គឺផ្តល់តាមរយៈការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង(UNOPS)។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស ប្រាប់ភាគីជប៉ុនថា កម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រើប្រាស់ជំនួយទាំងអស់នេះ ឲ្យមានតម្លៃ ក្នុងការដោះស្រាយគ្រោះមហន្តរាយសុខភាព ដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ដែលរងប៉ះពាល់ពីជំងឺនេះ ព្រមទាំងធានាបាននូវសុខុមាលល្អជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមិថុនា រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសរុប៤១,៤លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តលើគម្រោងចំនួន៣ ឲ្យមានភាពកាន់តែប្រសើរ គឺការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍសង្គម និងសុខាភិបាល ៕ដោយ៖ស តារា