ភ្នំពេញ ៖ យោងតាមលិខិតចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន ប្រាប់ឲ្យអភិបាល រាជធានី-ខេត្ត ទាំងអស់ បន្ត ការរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ នៅតាមមូលដ្ឋាន ដើម្បី ជួយ ដោះស្រាយ បញ្ហាជូនពលរដ្ឋ ។ ប៉ុន្តែ ការធ្វើវេទិកាដោះស្រាយ បញ្ហាពលរដ្ឋនេះ មិនត្រូវ ឱ្យមានការជួបជុំលើសពី៥០ នាក់ ឡើយ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។
ឧបនាយករដ្ឋមន្ត្រី សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យអាជ្ញាធរខេត្តរៀបចំ កិច្ចប្រជុំដោះស្រាយ ជាលក្ខណៈ ទ្រង់ទ្រាយតូច ដោយកំណត់តំណាង អ្នកចូលរួម មិនលើស៥០នាក់ ។ ជាពិសេស កន្លែងប្រជុំនោះ ត្រូវអនុវត្តតាមវិធានការ ទប់ស្កាត់ ការ រាតត្បាតនៃជំងឺ កូវីដ១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ដូចជា៖ ការត្រួតពិនិត្យ កំដៅប្រើទឹក អាល់កុល ឬ ជែលសម្រាប់ លាងដៃ ពាក់ម៉ាស ឬ ក្រម៉ា និងរក្សាគម្លាត ពីគ្នានៅទីតាំងអង្គុយជាដើម ។
សម្តេចបានបញ្ជាក់ដូច្នេះ ថា ៖« រដ្ឋបាល រាជធានី -ខេត្ត- ក្រុង -ស្រុក -ខណ្ឌ ត្រូវ អញ្ជើញ សមាសភាព តំណាងប្រជាពលរដ្ឋ ពី គ្រប់មជ្ឈដ្ឋាន និងតំណាងក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ដើម្បីចូលរួមក្នុងវេទិកា នេះ » ។
សម្ដេច ស ខេង ជាអ្នកផ្ដល់គំនិតផ្ដួចផ្ដើមនិង គាំទ្រ ដល់ការរៀបចំវេទិកាសាធារណៈ ក្នុងការដោះស្រាយ បញ្ហាពលរដ្ឋនៅតាម មូលដ្ឋាន ។ ប៉ុន្តែវេទិកា នេះបានផ្អាក ដំណើរការ ម្ដងហើយ ដោយសារស្ថានភាព ជំងឺកូ វីដ -១៩ រាតត្បាត នៅ កម្ពុជា ។
សូមរម្លឹកថា៖ កាលពីថ្ងៃទី ១២ ខែមិថុនា អភិបាលខេត្ត ពោធិ៍សាត់ លោក ម៉ៅ ធនិន ក៏បាន រៀបចំ វេទិកាសាធារណៈ ដោះស្រាយ បញ្ហា ពលរដ្ឋ ដោយ ភាគច្រើន ជារឿង វិវាទដីធ្លី នៅហ្នឹងកន្លែងរបៀប ជា «សមាជ» ប្រើពេល៧ម៉ោង ដោះស្រាយអោយប្រជាពលរដ្ឋបាន ៨៦ករណី ដោយគ្មានអ្នកឈ្នះ អ្នកចាញ់ ទទួលបានភាពយុត្តិធម៍ដូចៗគ្នា។ ពិសេសការធ្វើវេទិកានេះ ទាំងអាជ្ញាធរ ប្រជាពលរដ្ឋចូលរួមមិនលើសពី ៥០នាក់នោះទេ។
សូមបញ្ជាក់ថា៖ ថ្ងៃនេះ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មីទេ។ រហូតដល់ម៉ោង ៨និង៣០ព្រឹក ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ១២៨នាក់ដដែល ,ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យចំនួន៣នាក់, ចំនួនអ្នកជាសះស្បេីយ១២៥នាក់, និងគ្មានអ្នកបាត់បង់ជីវិតឡើយ៕
ដោយ៖ សិលា