អន្តរជាត៖ មួយរយៈចុងក្រោយនេះ បញ្ហារវាងប៉ូលីសអាមេរិក និងជនជាតិអាមេរិកស្បែកខ្មៅ បានកើតឡើងជាបន្តបន្ទាប់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៦ ខែមិថុនា នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីកែលម្អពីរប្រៀបធ្វើការរបស់ប៉ូលីសអាមេរិកក្នុងលក្ខខណ្ឌមួយចំនួនដូចជា៖ ការកែលម្អគុណភាពរបស់ប៉ូលីស ការហ្វឹកហាត់ និងសុខភាពផ្លូវចិត្តជាដើម។
បើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អាមេរិក បានឲ្យដឹងថា ការធ្វើបែបនេះគឺ ក្រោយការសង្កត់កលើ George Floyd ទើបតែកើតមាននៅខែមុន ហើយក្នុងពេលថ្មីៗនេះ ប៉ូលីសអាមេរិក បានបាញ់សម្លាប់ជនជាតិអាមេរិកស្បែកខ្មៅមួយរូបទៀត ដែលបញ្ហានេះ រឹតតែធ្វើឲ្យភ្លើងកំហឹង បាតុករអាមេរិក កាន់តែពុះកញ្រ្ជោលខ្លាំងឡើងថែមទៀត។
យោងតាមបទបញ្ជានេះ នឹងតម្រូវឲ្យស្ថាប័នប៉ូលីសអនុវត្តតាមស្តង់ដារ ក្នុងការប្រើប្រាស់កម្លាំង ការជ្រើសរើសប៉ូលីស ដែលមានប្រវត្តរូបល្អឬមានប្រវត្តរូបច្បាស់លាស់ និងការរួមបញ្ចូលពលករសង្គមចូលទៅក្នុងប្រព័ន្ធអនុវត្តច្បាប់ ដើម្បីឆ្លើយតបនឹងករណីមួយចំនួនជាដើម។
លោក ដូណាល់ ត្រាំ បានចេញមុខអះអាង កាលពីថ្ងៃទី១៥ ខែមិថុនា ថា៖ «យើងនឹងជជែកពីបញ្ហា(បាតុកម្ម) ដែលយើងបានមើល និងឃើញតាំងពីខែមុនមកម្លេះ ហើយយើងនឹងមានដំណោះស្រាយមួយចំនួន»។
សូមបញ្ជាក់ថា ក្រៅពីបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីអាមេរិក សភាទាំងពីរថ្នាក់របស់អាមេរិក ក៏កំពុងពិភាក្សាលើច្បាប់មួយ ដែលឆ្លើយតបនឹងកំណែទម្រង់ស្ថាប័នប៉ូលីស នៅក្នុងទឹកដីអាមេរិកផងដែរ៕ដោយ៖ស តារា