ប្រទេស​ចំនួន៧ នឹង​ប្រកួតប្រជែង​គ្នា ដណ្តើមយក​កៅអី​ចំនួន​៥ នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ សម្រាប់​ឆ្នាំ​២០២១ និង​២០២២​

ចែករំលែក៖

អន្តរជាតិ៖ ទីភ្នាក់ងារ​ព័ត៌មាន AFP បានចេញផ្សាយ​ថា មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) កាលពីថ្ងៃទី​១៧ ខែមិថុនា នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ (UNSC) ចំនួន ៥​កៅអី​ ។ ប្រសិន​គ្មាន​ការប្រែប្រួល​ទេ ប្រទេស​ចំនួន ៧ នឹង​ប្រកួតប្រជែង​គ្នាសម្រាប់​កៅអី​តំណាង​ទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប និង​អាមេរិក​ឡាទីន​ ដើម្បីដណ្តើមយក​កៅអី​ចំនួន​៥ នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ សម្រាប់​ឆ្នាំ​២០២១ និង​២០២២​។ ការប្រកួតប្រជែង​សមាជិក​មិន​អចិន្ត្រៃយ៍​នេះ នឹង​ប្រជែង​គ្នា​ទៅតាម​តំបន់ ខណៈ​ប្រទេស​ខ្លះ បាន​កក់​កៅអីអង្គុយ​រួចហើយ​។

សូមជម្រាបថា ប្រទេស​នីមួយៗ ប្រើការ​ទូត​ខុសៗ​គ្នា ដើម្បី​ទទួលបាន​កៅអីអង្គុយ​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​។ ជាក់ស្តែងកេ​ន​យ៉ា ត្រូវបានប្រកាស​ពី​ការគាំទ្រ​សហភាព​អាហ្វ្រិក ការស្វែងរក​សន្តិភាព​នៅក្នុង​តំបន់​កុយរមាស វិភាគទាន​សម្រាប់​កង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ក៏ដូចជា​ការទទួលយក​ជនភៀសខ្លួន​សូ​ម៉ាលី និង​ស៊ូដង់​ខាងត្បូង​ជាដើម​។ ដោយឡែកជី​ប៊ូ​ទី​បាន​លើកឡើងថា កេ​ន​យ៉ា​ធ្លាប់​អង្គុយ​កៅអី​ប្តូរ​វេន​រួចហើយ​ដូចនេះ​ខ្លួន​គួរតែ​ទទួលបាន​ឱកាស​ម្ដង​។ ជី​ប៊ូ​ទី ក៏បាន​លើកឡើង​ពី​តួនាទី​របស់ខ្លួន​ការស្វែងរក​សន្តិភាព​នៅ​ក្នុង​តំបន់​ផងដែរ​។

គួរបញ្ជាក់ថា កេ​ន​យ៉ា និង​ជី​ប៊ូ​ទី នឹងត្រូវ​ប្រជែង​គ្នា ដណ្តើមយក​១​កៅអី តំណាង​ឲ្យ​ទ្វីបអាហ្វ្រិក​។ ចំណែក​ក្រុម​ប្រទេស​លោកខាងលិច​មាន​កាណាដា អៀរ​ឡង់ ន័​រ​វែ​ស នឹងត្រូវ​ប្រជែង​គ្នា​យក ២​កៅអី​។ រីឯឥណ្ឌា នឹង​ទទួលបាន​កៅអី​តំណាង​ឲ្យ​អាស៊ី​-​ប៉ាស៊ីហ្វិក​ដោយ​ស្វ័យប្រវត្តិ​។ចំណែក​ម៉ិ​ក​ស៊ិ​ក ដែល​តំណាង​ឲ្យ​តំបន់​អាមេរិក​ឡាទីន និង​តំបន់​កា​រ៉ា​អ៊ី​ប​ក៏បាន​កក់​កៅអី​ដូច​ឥណ្ឌា​ដែរ​ព្រោះ​គ្មាន​គូប្រជែង​។

ទាក់ទិន​នឹង​ការបញ្ចុះ​បញ្ចូល​ឲ្យ​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ គាំទ្រ​ខ្លួន​នេះ លោក Richard Gowan អ្នកជំនាញ​ខាង​ផ្នែក​អង្គការ​អន្តរជាតិ នៅ​អង្គការក្រៅរដ្ឋាភិបាល International Crisis Group បាន​លើកឡើងថា យុទ្ធនាការ​បញ្ចុះបញ្ចូល​ស្វែងរក​ការគាំទ្រ​ពី​ប្រទេស​ផ្សេងៗ ពី​សំណាក់​អគ្គរដ្ឋទូត​រប​ស់​ប្រទេស​នីមួយៗ គ្រាន់តែ​ជាការ​កុហក ដើម្បី​ទទួលបាន​សម្លេងគាំទ្រ​តែប៉ុណ្ណោះ​។ ប៉ុន្តែដោយសារ​បញ្ហាCOVID-19 មិនទាន់​បញ្ចប់ អ្នកតំណាង​មកពី​ប្រទេស​នីមួយៗ មិន​តម្រូវ​ឲ្យ​បោះឆ្នោត​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចឡើយ ព្រោះ​ខ្លាច​មានការ​បន្លំ​។ហេតុនេះ អង្គការសហប្រជាជាតិ បានរៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ដោយផ្ទាល់ និង​សម្ងាត់ ទៅតាម​ពេលវេលា​កំណត់ នៅក្នុង​សាល​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​

សូមជម្រាបថា ​ក្រុមប្រឹក្សាសន្តិសុខ​មាន​សមាជិក​១៥​ប្រទេស​ ។ ដោយសមាជិក​១០​ប្រទេស ត្រូវបាន​ផ្លាស់ប្ដូរ​រៀងរាល់​ពីរ​ឆ្នាំ​ម្ដង​។ ចិនអាមេរិក រុស្ស៊ី អង់គ្លេស និង​បារាំង ជា​សមាជិក​អចិន្ត្រៃយ៍ មានអំណាច​វ៉េតូ​។​ ទន្ទឹមនឹងនេះ មហាសន្និបាត​អង្គការសហប្រជាជាតិ ក៏ត្រូវ​រៀបចំ​ការ​ឆ្នោត​ជ្រើសរើស​ប្រធាន​របស់ខ្លួន​ដែរ​។ សូមបញ្ជាក់ថា សមាជិក​អង្គការសហប្រជាជាតិ​មាន​ចំនួន ១៩៣​ប្រទេស​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print