អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មាន AFP បានចេញផ្សាយថា មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីថ្ងៃទី១៧ ខែមិថុនា នឹងបោះឆ្នោតជ្រើសរើសសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UNSC) ចំនួន ៥កៅអី ។ ប្រសិនគ្មានការប្រែប្រួលទេ ប្រទេសចំនួន ៧ នឹងប្រកួតប្រជែងគ្នាសម្រាប់កៅអីតំណាងទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកឡាទីន ដើម្បីដណ្តើមយកកៅអីចំនួន៥ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ សម្រាប់ឆ្នាំ២០២១ និង២០២២។ ការប្រកួតប្រជែងសមាជិកមិនអចិន្ត្រៃយ៍នេះ នឹងប្រជែងគ្នាទៅតាមតំបន់ ខណៈប្រទេសខ្លះ បានកក់កៅអីអង្គុយរួចហើយ។
សូមជម្រាបថា ប្រទេសនីមួយៗ ប្រើការទូតខុសៗគ្នា ដើម្បីទទួលបានកៅអីអង្គុយនៅក្នុងក្រុមប្រឹក្សាសន្តិសុខ។ ជាក់ស្តែងកេនយ៉ា ត្រូវបានប្រកាសពីការគាំទ្រសហភាពអាហ្វ្រិក ការស្វែងរកសន្តិភាពនៅក្នុងតំបន់កុយរមាស វិភាគទានសម្រាប់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក៏ដូចជាការទទួលយកជនភៀសខ្លួនសូម៉ាលី និងស៊ូដង់ខាងត្បូងជាដើម។ ដោយឡែកជីប៊ូទីបានលើកឡើងថា កេនយ៉ាធ្លាប់អង្គុយកៅអីប្តូរវេនរួចហើយដូចនេះខ្លួនគួរតែទទួលបានឱកាសម្ដង។ ជីប៊ូទី ក៏បានលើកឡើងពីតួនាទីរបស់ខ្លួនការស្វែងរកសន្តិភាពនៅក្នុងតំបន់ផងដែរ។
គួរបញ្ជាក់ថា កេនយ៉ា និងជីប៊ូទី នឹងត្រូវប្រជែងគ្នា ដណ្តើមយក១កៅអី តំណាងឲ្យទ្វីបអាហ្វ្រិក។ ចំណែកក្រុមប្រទេសលោកខាងលិចមានកាណាដា អៀរឡង់ ន័រវែស នឹងត្រូវប្រជែងគ្នាយក ២កៅអី។ រីឯឥណ្ឌា នឹងទទួលបានកៅអីតំណាងឲ្យអាស៊ី-ប៉ាស៊ីហ្វិកដោយស្វ័យប្រវត្តិ។ចំណែកម៉ិកស៊ិក ដែលតំណាងឲ្យតំបន់អាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីបក៏បានកក់កៅអីដូចឥណ្ឌាដែរព្រោះគ្មានគូប្រជែង។
ទាក់ទិននឹងការបញ្ចុះបញ្ចូលឲ្យប្រទេសសមាជិកអង្គការសហប្រជាជាតិ គាំទ្រខ្លួននេះ លោក Richard Gowan អ្នកជំនាញខាងផ្នែកអង្គការអន្តរជាតិ នៅអង្គការក្រៅរដ្ឋាភិបាល International Crisis Group បានលើកឡើងថា យុទ្ធនាការបញ្ចុះបញ្ចូលស្វែងរកការគាំទ្រពីប្រទេសផ្សេងៗ ពីសំណាក់អគ្គរដ្ឋទូតរបស់ប្រទេសនីមួយៗ គ្រាន់តែជាការកុហក ដើម្បីទទួលបានសម្លេងគាំទ្រតែប៉ុណ្ណោះ។ ប៉ុន្តែដោយសារបញ្ហាCOVID-19 មិនទាន់បញ្ចប់ អ្នកតំណាងមកពីប្រទេសនីមួយៗ មិនតម្រូវឲ្យបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិចឡើយ ព្រោះខ្លាចមានការបន្លំ។ហេតុនេះ អង្គការសហប្រជាជាតិ បានរៀបចំឲ្យមានការបោះឆ្នោតដោយផ្ទាល់ និងសម្ងាត់ ទៅតាមពេលវេលាកំណត់ នៅក្នុងសាលនៃមហាសន្និបាតអង្គការសហប្រជាជាតិ។
សូមជម្រាបថា ក្រុមប្រឹក្សាសន្តិសុខមានសមាជិក១៥ប្រទេស ។ ដោយសមាជិក១០ប្រទេស ត្រូវបានផ្លាស់ប្ដូររៀងរាល់ពីរឆ្នាំម្ដង។ ចិនអាមេរិក រុស្ស៊ី អង់គ្លេស និងបារាំង ជាសមាជិកអចិន្ត្រៃយ៍ មានអំណាចវ៉េតូ។ ទន្ទឹមនឹងនេះ មហាសន្និបាតអង្គការសហប្រជាជាតិ ក៏ត្រូវរៀបចំការឆ្នោតជ្រើសរើសប្រធានរបស់ខ្លួនដែរ។ សូមបញ្ជាក់ថា សមាជិកអង្គការសហប្រជាជាតិមានចំនួន ១៩៣ប្រទេស៕ដោយ៖ស តារា