អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្ស ៥៣នាក់ ត្រូវបានប៉ូលីសក្រុងហុងកុងឃុំខ្លួនពីបទជួបប្រជុំគ្នាខុសច្បាប់ ខណៈដែលពលរដ្ឋហុងកុងបានចេញមកបាតុកម្មសារជាថ្មី នៅថ្ងៃទី២៨ ខែមិថុនាកន្លងទៅនេះ ដើម្បីប្រឆាំងនឹងសេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុង ។
សូមជម្រាបថា សេចក្តីស្នើច្បាប់ដ៏ចម្រូងចម្រាស់របស់ទីក្រុងហុងកុង នឹងត្រូវគណៈអចិន្ត្រៃយ៍សភាប្រជាជនចិនអនុម័តនៅថ្ងៃទី៣០ ខែមិថុនានេះ ពោលគឺមុនថ្ងៃខួបអង់គ្លេសប្រគល់ទឹកដីហុងកុងឲ្យមកចិនវិញ នៅថ្ងៃទី១ ខែកក្កដា ។ ដោយសារជាសំណើច្បាប់ ដែលអនុម័តមិនឆ្លងកាត់សភាហុងកុង និងជាសំណើច្បាប់ដែលត្រូវបានគេជឿថា បន្ថយសិទ្ធិសេរីភាពនៅក្នុងទីក្រុង ប្រជាជនហុងកុង បានចេញមកបាតុកម្មម្តងហើយម្តងទៀត ដើម្បីប្រឆាំងនឹងការបង្កើតច្បាប់នេះ។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន នៅថ្ងៃទី២៨ ខែមិថុនា ប្រជាជនហុងកុងជាច្រើននាក់ បានចេញមកបាតុកម្មម្តងទៀត នៅលើផ្លូវ Nathan ក្នុងតំបន់ Kowloon ដោយអមជាមួយនឹងសំឡេងស្រែកទាមទារឲ្យទីក្រុងប៉េកាំងឈប់ជ្រែតជ្រែកក្នុងកិច្ចការហុងកុង ឬទម្លាក់ការអនុម័តច្បាប់សន្តិសុខជាតិហុងកុងចោលជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។
ប៉ូលីសហុងកុង បានអះអាងថា មនុស្សយ៉ាងហោចណាស់ ៥៣នាក់ត្រូវគេឃុំខ្លួន ពីបទ «ការជួបប្រជុំខុសច្បាប់»។ ពីដំបូងឡើយប៉ូលីសហុងកុង បានព្រមានក្រុមបាតុករ ឲ្យបំបែកក្រុមបាតុកម្មរបស់ខ្លួន ប៉ុន្តែដោយសារតែបាតុករហុងកុងបដិសេធ ទើបប៉ូលិសឈានទៅដល់ការចាប់ខ្លួនតែម្តង។
ដោយឡែកសមាជិកក្រុមប្រឹក្សាសង្កាត់ពីររូប ដែលត្រូវបានគេចាប់ខ្លួននោះមានដូចជា លោក Ben Lam Siu-pan សមាជិកក្រុមប្រឹក្សាសង្កាត់ Yau Tsim Mong និងលោក Andy Chui Chi-kin សមាជិកក្រុមប្រឹក្សាសង្កាត់ Eastern ។ រហូតដល់ម៉ោង ៧ល្ងាចថ្ងៃដដែល ក្រុមបាតុករហុងកុង បានបំបែកក្រុមបណ្តើរៗ ហើយប៉ូលីស ក៏បានចាកចេញពីទីតាំងនោះខ្លះដែរ។
គួរបញ្ជាក់ថា នៅថ្ងៃទី១ ខែកក្កដាខាងមុខនេះ គឺជាខួបដែលអង់គ្លេសចុះកិច្ចព្រមព្រៀងប្រគល់ទឹកដីហុងកុង ត្រលប់មកឲ្យចិនវិញ។ នៅចំថ្ងៃខួបនេះ ប៉ូលីសក្រុងហុងកុង ក៏បានហាមឃាត់ការជួបជុំរបស់ប្រជាជន ក្នុងការប្រារព្ធខួបនេះដែរ។ ហេតុផលនៃការហាមឃាត់នេះ គឺការពារការរាតត្បាតនៃ COVID-19 និងរក្សាគម្លាតរបស់ប្រជាជននៅក្នុងទីក្រុងផងដដែរ៕ដោយ៖ស តារា