ភ្នំពេញៈ ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋដែលទិញលំនៅដ្ឋានសម្រាប់រស់នៅក្នុងបុរី និងអ្នកទិញលំនៅដ្ឋាននៅក្នុងបុរីតែទុកសម្រាប់ជួល ត្រូវបានលោកចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដាក់ជាផែនការសកម្មភាពដើម្បីអោយមន្ត្រីក្រុមការងារថ្នាក់ខណ្ឌក៍ដូចជាអាជ្ញាធរសង្កាត់និងនាយ ប៉ុស្តិ៍នគរបាលរដ្ឋត្រូវសហការជាមួយខាងក្រុមហ៊ុនបុរីដើម្បីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងខ្នងផ្ទះនិងគ្រប់គ្រងពីគម្រោងពង្រីកបន្ថែមរបស់ក្រុមហ៊ុនបុរីនីមួយៗអោយបានច្បាស់លាស់ ។
ផែនការដាក់ចេញអោយមន្ត្រីយកទៅអនុវត្តនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខណ្ឌ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ព្រមទាំងមានការចូលរួមពីលោក-លោកស្រី ជាអភិបាលរង , លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោក-លោកស្រី ជាចៅសង្កាត់ទាំង៨ ។
នៅក្នុងកិច្ចប្រជុំប្រចាំខែនេះដែរលោកអភិបាលខណ្ឌបានលើកយកក្រុមហ៊ុនបុរីប៉េងហួតតែមួយប៉ុណ្ណោះមកធ្វើជាប្រធានបទដើម្បីដាក់ចេញជាផែនការអោយមន្ត្រីក្រុមការងារទាំងថ្នាក់ខណ្ឌ និងសង្កាត់ ត្រូវចុះសហការជាមួយខាងក្រុមហ៊ុនបុរីប៉េងហួតអោយបានច្បាស់លាស់ ក្នុងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ មន្ត្រីរាជការ និងឧកញ៉ា ដែលទិញផ្ទះនៅក្នុងបុរីហើយស្នាក់នៅជាអចិន្ត្រៃយ៍ និងអ្នកដែលទិញផ្ទះនៅក្នុងបុរីទុកសម្រាប់ជួល មួយផ្នែកទៀតត្រូវគ្រប់គ្រងពីគម្រោងពង្រីកបន្ថែមរបស់ក្រុមហ៊ុនបុរីប៉េងហួត ។
លោកអភិបាលខណ្ឌបានបញ្ជាក់ដូច្នេះ ដើម្បីកុំអោយមានការយល់ច្រឡំ អ្នកខ្លះអត់ដឹងរឿងផងចេះតែលើកឡើងថាខាងក្រុមហ៊ុនបុរីប៉េងហួតមិនព្រមសហការ…. ពីណានិយាយ…ស្រមើ ស្រម៉ៃទើបងើបពីដេកមកនិយាយតែខ្លួនឯង…ខាងបុរីគេចាំធ្វើជាមួយយើង…ណាស់តែយើងទេមិនព្រមទៅទាក់ទងជាមួយគេ…និយាយការពិតទៅខាងក្រុមហ៊ុនបុរីក្នុងមួយឆមាសធ្វើបទបង្ហាញម្តង ថាតើបុរីកើនបានប៉ុន្មានគម្រោងហើយ មានប៉ុន្មានខ្នងផ្ទះ មានប៉ុន្មានផ្ទះដែលទិញហើយចូលមកស្នាក់នៅ មានប៉ុន្មានផ្ទះទិញទុក និងមានគម្រោងពង្រីកប៉ុន្មានទៀត ក្នុងមួយគម្រោងមានប៉ុន្មានខ្នងផ្ទះមានមនុស្សចូលរស់នៅប៉ុន្មាននាក់ គេចាំតែធ្វើការជាមួយ តែណាស់តែយើងទេមិនធ្វើការងារគ្រប់គ្រងអោយច្បាស់លាស់។
លោកអភិបាលបានបន្តថា យើងចាត់ទុកថាអ្នករស់នៅក្នុងបុរីប៉េងហួតសុទ្ធតែជាអ្នកមាន អ្នកធំ អត់ហ៊ានទៅក្បែរ..យើងខ្លួនយើងទេដែលគ្មានភាពទទួលខុសត្រូវក្នុងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ ទទួលស្គាល់ថាមានម្ចាស់ផ្ទះមួយចំនួនមិនព្រមចូលរួមសហការជាមួយក្រុមការងារដែលចុះធ្វើស្ថិតិរហូតមិនបើកទ្វាអោយ តែនេះមិនមែនជាកំហុសរបស់ក្រុមហ៊ុនទេ វាជាចរិតរបស់បុគ្គលម្នាក់ៗតែប៉ុណ្ណោះ មួយផ្នែកទៀតជំងឺកូវីដ_១៩ កំពុងគម្រាមកំហែងផងនោះ ធ្វើអោយម្ចាស់ផ្ទះអត់ហ៊ានបើកទ្វារតែម្តង ។
ជាមួយគ្នានេះដែរលោកអភិបាលបានបញ្ជាក់ថា តាមគម្រោងរបស់ក្រុមហ៊ុននិងពង្រីកបន្ថែមទៀតនៅលើផ្ទៃដីជិត៤០០ហិកតា បច្ចុប្បន្ននេះលំនៅដ្ឋានជាង៥០០០ខ្នងផ្ទះត្រូវបានទិញហើយចូលស្នាក់នៅ ចំណែកលំនៅដ្ឋានជាង៣០០០ខ្នងទៀតត្រូវបានអ្នកមានលទ្ធភាពទិញទុក សម្រាប់ជួល ។ ទោះជាយ៉ាងណាក៍ដោយសូមអោយក្រុមការងារថ្នាក់ខណ្ឌ និងសង្កាត់ រួមជាមួយនគរបាលប៉ុស្តិ៍ ត្រូវសហការជាប់ជានិច្ចជាមួយខាងក្រុមហ៊ុនបុរីដើម្បីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងគម្រោងពង្រីកបន្ថែមរបស់ក្រុមហ៊ុន ៕ សណ្តោស