ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុន បានបញ្ជាក់ថា ៖ យើងត្រូវ ផ្សព្វផ្សាយឲ្យមន្ដ្រីរាជធានីទាំងអស់ត្រូវបន្ដយកចិត្ដទុកដាក់ពី ជម្ងឺកូវីដ-១៩ កុំឲ្យមានរលកទី២ចូល ។ តាមការវាយតម្លៃពីអ្នកជំនាញសម្រាប់ជម្ងឺកូវីដ-១៩ វានឹងធ្វើអោយសេដ្ឋកិច្ចលើពិភពលោកថយ ៧ឆ្នាំ ហើយសម្រាប់ប្រទេសកម្ពុជានឹងថយ៥ឆ្នាំផងដែរ ។ មានន័យថា បើមិនមានកូវីដ-១៩ទេ កម្ពុជា នៅឆ្នាំ២០២០នេះនឹងទទួលភ្ញៀវទេសចរណ៍ចំនួន៧លាននាក់ តែចំនួននេះអាចទទួលបាននៅឆ្នាំ២០២៥ឯណោះ។ការបញ្ជាក់បែបនេះរបស់ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត បទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ជំហានទី១ សម្រាប់ដំណាក់ កាលវិបត្តិជំងឺកូវីដ-១៩ (Covid-19 )និងផែនការអនុវត្តបន្ត នៅ សាលារាជធានីភ្នំពេញ។
លោក រដ្ឋមន្រ្តីមានប្រសាសន៍ថា ទោះបីជា វិស័យទេសចរណ៍កម្ពុជាបាននឹងកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិនៃជំងឺកូវីដ១៩ ក៏ដោយ យើងសង្កេតឃើញនូវសញ្ញាណវិជ្ជមានមួយចំនួន គិតចាប់ពីដើមខែឧសភាមក។ បន្ថែមលើនេះក្នុងរយៈពេល០៣សប្តាហ៍នៃខែមិថុនានេះមានភ្ញៀវទេសចរជាង ៤៥ម៉ឺននាក់ចេញដើរទស្សនានៅទូទាំងប្រទេស ក្នុងកំណើនប្រមាណ ៧.២៤% ធៀបនឹងរយៈពេល០៣សប្តាហ៍នៃខែឧសភា កន្លងមក។ កត្តានេះបញ្ជាក់ថា ភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តកើនឡើងជាបន្តបន្ទាប់ គិតចាប់ពីចុងខែមេសាមកម៉្លេះ។
ដោយឡែកសម្រាប់រាជធានីភ្នំពេញក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧៧៥ ៧៥០នាក់ ថយចុះ ៤៦.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។
លោក ថោង ខុនបញ្ជាក់ទៀតថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ ពិតជាបានបង្ករផលប៉ះពាល់ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍ ។ ជាក់ស្តែង គិតត្រឹម ខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទ និងបិទបណ្ដោះអាសន្នសរុប២ ៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់ សរុប ៤៥ ៤០៥នាក់។ ប៉ុន្តែសម្រាប់គោលដៅរាជធានីភ្នំពេញមិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដូចគោលដៅទេសចរណ៍ធំៗផ្សេងទៀតឡើយ។
ជាមួយគ្នានោះលោកបានសន្និដ្ឋានថា ចលនាទេសចរក្នុងស្រុកនឹងមានកំណើនឡើងវិញលឿនជាង ការត្រឡប់មកវិញ នូវភ្ញៀវទេសចរអន្តរជាតិ ដរាបណាវិធានការរឹតបណ្តឹងដែលពាក់ព័ន្ធនឹងការធ្វើដំណើរនៅតែបន្ត។ បច្ចុប្បន្ននេះយើងបានទទួលព័ត៌មានអំពីគោលបំណងបើកឱ្យមានការធ្វើដំណើរឆ្លងកាត់ឡើងវិញនៅតាមបណ្តារប្រទេសមួយចំនួន រីឯប្រទេសខ្លះក៏បានសម្រេចឱ្យបើករួចទៅហើយ តែក៏បានសម្រេចឱ្យបិទទៅវិញភ្លាមៗបន្ទាប់ពីមានការចម្លងថ្មីកើតឡើងវិញ។
លោកក៏បានបញ្ជាក់ផងដែរថា តាមការវាយតម្លៃពីអ្នកជំនាញសម្រាប់ជម្ងឺកូវីដ-១៩នេះ វានឹងធ្វើអោយសេដ្ឋកិច្ចលើពិភពលោកថយ ៧ឆ្នាំ ហើយសម្រាប់ប្រទេសកម្ពុជានឹងថយ៥ឆ្នាំផងដែរ ។ មានន័យថា បើមិនមានកូវីដ-១៩ កម្ពុជា នៅឆ្នាំ២០២០នេះនឹងទទួលភ្ញៀវទេសចរណ៍ចំនួន៧លាននាក់ តែចំនួននេះអាចទទួលបាននៅឆ្នាំ២០២៥ឯណោះ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឦានប្រសាសន៍ថា ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំ ដោយមិនឲ្យជួបជុំ ការបិទអាជីវកម្ម ក្លឹបកំសាន្ត ខារ៉ាអូខេមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញក៏បានចុះជួយដល់ប្រជាពលរដ្ឋក្រីក្រ ។ យើងបានបង្កើតក្រុមការងារដើម្បីប្រឆាំងជំងឺកូវីដ-១៩ ដោយបង្កើតទីតាំងចក្រតាឡីសក្តិនៅតាមបណ្ដាលទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ។
លោកក៏បានបញ្ជាក់ផងដែរថា រាជធានីភ្នំពេញ មានមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន៣៦០ទីតាំង ក្នុងចំណោមមូលដ្ឋានអាជីវកម្មចំនួន១៩០០ទីតាំងស្មើនឹង១៨,៩ភាគរយ យើងបានបិទដំណើរការអាជីកម្មទាំងនេះជាបណ្ដោះអាសន្ន ទៅតាមការណែនាំរបស់ក្រសួងនិងស្ថាប័នជំនាញ តែដើម្បីរក្សាកំណើនសេដ្ឋកិច្ចនិងរក្សាការងារធ្វើ រដ្ឋាភិបាលបានលើកចិត្ត ការធ្វើទេសចរណ៍នៅក្នុងស្រុកនិងការបញ្ចេញថវិកាជាតិជួយដល់កម្មករនិយោជកដែលរងផលប៉ះពាល់ដោយជំងឺនេះ ជាមួយនឹងការគាំពារសង្គមផ្សេងទៀត ដោយរដ្ឋាភិបាលបានចំណាយថវិកាចំនួន២៥លានដុល្លារក្នុងមួយខែ សម្រាប់ប្រជាពលរដ្ឋក្រីក្រ ។
លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា កន្លងមកនេះមានពាក្យចចាមអារ៉ាមថា នៅរាជធានីភ្នំពេញបាននិងកំពុងលួច បើកខារ៉ាអូខេ នេះគ្រាន់តែជាពាក្យចចាមអារ៉ាមមិនមែនជាការពិតនោះទេ ។ធាតុពិតអ្វីដែលពួកគាត់ធ្វើនោះគឺការបង្វែរទិស ពីការបើកខារ៉ាអូខេ បើកបៀរហ្គាឌិន មកជាកន្លែងបើកហាងហូបចុកប៉ុណ្ណោះ ហើយអ្វីដែលខុសនោះគឺពួកគាត់មិនបានមកសុំច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ។ ប៉ុន្តែទោះបីជាយ៉ាងណាដីកិច្ចការងារនេះ
រដ្ឋបាលរាជធានីភ្នំពេញនិងសហការជាមួយក្រសួងទេសចរណ៍ដើម្បីធ្វើការសម្របសម្រួលធ្វើយ៉ាងណាមួយ ដើម្បីអាចឲ្យពួកគាត់ដំណើរការបើកអាជីវកម្មបាន ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរដ្ឋាភិបាលនិងរាជធានីភ្នំពេញផងដែរ។
លោកក៏បានបញ្ជាក់ផងដែរថា សម្រាប់មូលដ្ឋានរាជធានីភ្នំពេញបងប្អូនបើកអាជីវកម្មដ្ឋានដូចជាបើកអាជីវកម្មសប្បាយភាពនាងពួកគាត់មិនបានអនុវត្តផ្ទុយពីការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាពិបាលនោះទេ៕. សំរិត