ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានអះអាងថា ពលរដ្ឋណាក៏ដោយ មានសិទ្ធិថតរូប និងដាក់ពាក្យបណ្ដឹងទៅតុលាការ ចំពោះមន្រ្តីនគរបាលចរាចរណ៍ណា ដែលពាក់ព័ន្ធនឹងការពិន័យបទល្មើសចរាចរណ៍ មានភាពមិនប្រក្រតី ឬមិនសុខចិត្ត ។
លោក ហ៊ាង សុទ្ធាយុត្តិ អះអាងទៀតថា បើទោះបីជាក្រសួងពាក់ព័ន្ធបើកដៃឲ្យពលរដ្ឋមានសិទ្ធិតតាំងជាមួយនគរបាលក្តី ប៉ុន្តែពលរដ្ឋត្រូវតែចេះច្បាប់ចរាចរណ៍ឲ្យបានច្បាស់ ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ និងងាយជជែក ជាមួយនគរបាលដែលប្រព្រឹត្តិខុសគោលការណ៍ ឬឆ្លៀតឱកាសរកប្រាក់ចូលហោប៉ៅខ្លួននោះ។ លោក គូសបញ្ជាក់ថា៖ «ពលរដ្ឋត្រូវដឹងច្បាប់ចរារចរណ៍ឲ្យច្បាស់ ពេលនគរបាលណាខុស គឺយើងដឹង ហើយអាចមានសិទ្ធថត និងប្ដឹងបាន។ ហើយបើពលរដ្ឋមិនពេញចិត្ត រាល់ការផ្អាករបស់នគរបាល អាចមានសិទ្ធថត ប្ដឹង និងកត់ឈ្មោះ។ សំខាន់ឲ្យតែស្គាល់ឈ្មោះនគរបាល និងអង្គភាព ហើយតុលាការ ជាអ្នករកខុសត្រូវឲ្យតាមច្បាប់»។
អ្នកនាំពាក្យរូបនេះ បន្តថា ពលរដ្ឋក៏អាចរាយការណ៍ទៅថ្នាក់ដឹកនាំនៃអង្គភាពនគរបាលផ្ទាល់ក៏បានដែរ បើឃើញនគរបាលណាម្នាក់ អនុវត្តខុសច្បាប់ ដើម្បីឲ្យថ្នាក់លើដោះស្រាយបញ្ហាដែលកើតមាន ឬចាត់វិធានការតាមគោលការណ៍ស្ថាប័ន ។
សូមជម្រាបថា មន្រ្តីនគរបាលចរាចរណ៍ បានចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ជាថ្មី ចាប់តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០មកម្ល៉េះ ។គិតពីថ្ងៃទី១ ឧសភា មកដល់ចុងខែមិថុនានេះ មន្រ្តីជំនាញបានឃាត់យានយន្តសរុបជាង ៧ម៉ឺនគ្រឿង ហើយត្រូវបានផាកពិន័យ៖ ក្នុងនោះមានទោចក្រយាន និងត្រីចក្រយានយន្តជាង៥ម៉ឺនគ្រឿង ។ ដោយឡែក ក្នុងខែមិថុនានេះ គិតពីទី១ ដល់ទី២៦មិថុនានគរបាលឃាត់បានយានយន្តល្មើស ជិត៣ម៉ឺនគ្រឿង ក្នុងនោះមានម៉ូតូជាង ២.១ ម៉ឺនគ្រឿងឯណ្ណោះ ។
គួររំលឹកផងដែរថា ពាក់ព័ន្ធការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍នេះដែរ ក៏មានមន្រ្តីជាន់ខ្ពស់ចំនួន៥រូប ត្រូវបានដកតំណែង និងផ្អាកការងារបណ្តោះអាសន្ន ដោយសារតែមិនព្រមធ្វើការ តាមគោលការណ៍ណែនាំ ពេលចុះប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍នាពេលកន្លងមក ៕ដោយ៖ស តារា