មនុស្ស​៥៣​នាក់ ត្រូវបាន​ប៉ូលីស​ក្រុង​ហុងកុង​ឃុំខ្លួន ​ពីបទ​ជួបប្រជុំ​គ្នាខុសច្បាប់

ចែករំលែក៖

អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្ស​ ៥៣​នាក់ ត្រូវបាន​ប៉ូលីស​ក្រុង​ហុងកុង​ឃុំខ្លួន​ពីបទ​ជួបប្រជុំ​គ្នាខុសច្បាប់​ ខណៈដែលពលរដ្ឋហុងកុងបាន​ចេញមក​បាតុកម្ម​សារជាថ្មី នៅ​ថ្ងៃទី​២៨ ខែមិថុនាកន្លងទៅនេះ ដើម្បី​ប្រឆាំងនឹង​សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ។

សូមជម្រាបថា សេចក្តីស្នើច្បាប់​ដ៏​ចម្រូងចម្រាស់​របស់ទីក្រុងហុងកុង នឹងត្រូវ​គណៈអចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​អនុម័ត​នៅ​ថ្ងៃទី​៣០ ខែមិថុនា​នេះ ពោលគឺ​មុន​ថ្ងៃ​ខួប​អង់គ្លេស​ប្រគល់​ទឹកដី​ហុងកុង​ឲ្យ​មក​ចិន​វិញ នៅ​ថ្ងៃទី​១ ខែកក្កដា ​។ ដោយសារ​ជា​សំណើ​ច្បាប់ ដែល​អនុម័ត​មិន​ឆ្លងកាត់​សភា​ហុងកុង និង​ជា​សំណើ​ច្បាប់​ដែល​ត្រូវបាន​គេ​ជឿថា បន្ថយ​សិទ្ធិសេរីភាព​នៅក្នុង​ទីក្រុង ប្រជាជន​ហុងកុង បាន​ចេញមក​បាតុកម្ម​ម្តង​ហើយ​ម្តងទៀត ដើម្បី​ប្រឆាំងនឹង​ការបង្កើត​ច្បាប់​នេះ​។

​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន នៅ​ថ្ងៃទី​២៨ ខែមិថុនា ប្រជាជន​ហុងកុង​ជាច្រើន​នាក់ បាន​ចេញមក​បាតុកម្ម​ម្តងទៀត នៅលើ​ផ្លូវ Nathan ក្នុង​តំបន់ Kowloon ដោយ​អម​ជាមួយនឹង​សំឡេង​ស្រែក​ទាមទារ​ឲ្យ​ទីក្រុង​ប៉េកាំង​ឈប់​ជ្រែ​ត​ជ្រែក​ក្នុង​កិច្ចការ​ហុងកុង ឬ​ទម្លាក់​ការអនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ចោល​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត South China Morning Post​។​

ប៉ូលីស​ហុងកុង បានអះអាង​ថា មនុស្ស​យ៉ាងហោចណាស់ ៥៣​នាក់​ត្រូវគេ​ឃុំខ្លួន ពីបទ «​ការជួបប្រជុំ​ខុសច្បាប់​»​។ ពីដំបូង​ឡើយ​ប៉ូលីស​ហុងកុង បាន​ព្រមាន​ក្រុមបាតុករ ឲ្យ​បំបែក​ក្រុម​បាតុកម្ម​រប​ស់​ខ្លួន ប៉ុន្តែ​ដោយសារតែ​បាតុករ​ហុងកុង​បដិសេធ ទើប​ប៉ូលិស​ឈានទៅដល់​ការចាប់ខ្លួន​តែម្តង​។

​ដោយឡែក​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ពីររូប ដែល​ត្រូវបាន​គេ​ចាប់ខ្លួន​នោះ​មានដូចជា លោក Ben Lam Siu-pan សមាជិក​ក្រុមប្រឹក្សា​សង្កាត់ Yau Tsim Mong និង​លោក Andy Chui Chi-kin សមាជិក​ក្រុមប្រឹក្សា​សង្កាត់ Eastern ។ រហូតដល់​ម៉ោង ៧​ល្ងាច​ថ្ងៃ​ដដែល ក្រុមបាតុករ​ហុងកុង បាន​បំបែក​ក្រុម​បណ្តើរៗ ហើយ​ប៉ូលីស ក៏បាន​ចាក​ចេញពី​ទីតាំង​នោះ​ខ្លះ​ដែរ​។

​គួរបញ្ជាក់ថា នៅ​ថ្ងៃទី​១ ខែកក្កដា​ខាងមុខនេះ គឺជា​ខួប​ដែល​អង់គ្លេស​ចុះ​កិច្ចព្រមព្រៀង​ប្រគល់​ទឹកដី​ហុងកុង ត្រលប់មក​ឲ្យ​ចិន​វិញ​។ នៅ​ចំ​ថ្ងៃ​ខួប​នេះ ប៉ូលីស​ក្រុង​ហុងកុង ក៏បាន​ហាមឃាត់​ការជួបជុំ​របស់​ប្រជាជន ក្នុងការ​ប្រារព្ធ​ខួប​នេះដែរ​។ ហេតុផល​នៃ​ការហាមឃាត់​នេះ គឺ​ការពារ​ការ​រាតត្បាត​នៃ COVID-19 និង​រក្សា​គម្លាត​របស់​ប្រជាជន​នៅក្នុង​ទីក្រុង​ផងដដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print