អន្តរជាតិ៖ យោងតាមការផ្សាយរបស់ Times of India បាននិយាយថា មានពិធីមង្គលការមួយ ត្រូវបានរៀបចំឡើងនៅរដ្ឋ Bihar ដោយមានអ្នកចូលរួមប្រមាណ៤០០នាក់ ។ ប៉ុន្តែមនុស្សជាង១០០នាក់ ដែលបានចូលរួមក្នុងពិធីនោះ មានលទ្ធផលតេស្តវិជ្ជមាននៃ COVID-19 ស្របពេលដែលកូនកំលោះត្រូវបានរាយការណ៍ថា ទទួលមរណភាពនារយៈពេល២ថ្ងៃបន្ទាប់ពីពិធីមង្គលរបស់ខ្លួន។
របាយការណ៍បានបង្ហាញថា កូនកំលោះបានធ្វើដំណើរទៅស្រុកកំណើតរបស់ខ្លួននៅ O Paliganj កាលពីពាក់កណ្តាលខែឧសភា ហើយមានរោគសញ្ញា ប៉ុន្តែក្រុមគ្រួសារមិនបានយកចិត្តទុកដាក់លើសំណើសុំពន្យាពេលអាពាហ៍ពិពាហ៍របស់គាត់នោះឡើយ។
តាមសំដីសមាជិកគ្រួសារម្នាក់ដែលដកស្រង់ដោយ The Indian Express បុរសដែលជាកូនកំលោះនោះ បានសុខភាពមិនល្អតាំងពីថ្ងៃទី១៤ខែមិថុនា មកម្ល៉េះ ប៉ុន្តែមេគ្រួសារទាំងពីរមិនព្រមពន្យារពេលការឡើយ ដោយលើកឡើងពីបញ្ហាហិរញ្ញវត្ថុ និងការរៀបចំផ្សេងៗ។
សូមជម្រាបថា អាពាហ៍ពិពាហ៍មួយនេះ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅ ដោយគេជឿថា កូនកំលោះ ជាអ្នកចម្លងដ៏ធំនៃជំងឺរាលដាលសាកល COVID-19 ទៅកាន់ភ្ញៀវ និងក្រុមគ្រួសាររបស់ខ្លួន។
បច្ចុប្បន្ន ឥណ្ឌាក្លាយជាប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនជាងគេនៅអាស៊ីដោយគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មានជាង៦០ម៉ឺនករណី ស្លាប់ជិត១៨០០០នាក់ និងសះស្បើយជិត៣៦ម៉ឺននាក់ ៕ដោយ៖ស តារា