អន្តរជាតិ៖ នាយទាហាន៤នាក់ ស្លៀកសំលៀកបំពាក់ស៊ីវិល ត្រូវបានមន្ត្រីប៉ូលិសជាតិហ្វីលីពីន បានបាញ់សម្លាប់នៅតំបន់ភាគខាងត្បូងប្រទេស ក្នុងខេត្តស៊ូលូ (Sulu) ខណៈប្រតិបត្តិការតាមរក ក្រុមកែច្នៃ និងបំផ្ទុះគ្រាប់បែកអត្តឃាត របស់ក្រុមឧទ្ទាមអាប៊ូសាយយ៉ាហ្វ ( Abu Sayyaf) កាលពីថ្ងៃចន្ទដើមសប្តាហ៍ថ្មីៗនេះ ។ ប៉ុន្តែពាក់ព័ន្ធករណីខាងលើនេះ អាជ្ញាធរហ្វុីលីពីនកំពុងតែធ្វើការស៊ើបអង្កេតផងដែរ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០២០។
ជុំវិញហេតុការណ៍នេះ អគ្គមេបញ្ជាការយោធាហ្វុីលីពីន លោកឧត្តមសេនីយ៍ហ្គីលប៊ឺត ហ្គាផេយ (Gilbert Gapay) បានធ្វើការចោទប្រកាន់ទៅលើមន្ត្រីប៉ូលិសចំនួន ០៩នាក់ថា បានចូលរួមក្នុងករណីបាញ់ប្រហារលើទាហានទាំង០៤នាក់ខាងលើ ខណៈមេប៉ូលិសហ្វុីលីពីនជាតិវិញបានបកស្រាយថា «ជារឿងចៃដន្យ»។ដោយឡែករដ្ឋមន្រ្តីក្រសួងការពារជាតិហ្វុីលីពីនលោក ឌែលហ្វីន ឡូរិនហ្សាណា (Delfin Lorenzana) បានលើកឡើងថា ការបាញ់ប្រហារនេះ គឺជាឧប្បត្តិហេតុដ៏អកុសលមួយ ព្រោះទាហានទាំងនោះបានស្លាប់ នៅពេលកំពុងបំពេញការងាររបស់ពួកគេ។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា យើងមិនចង់ឲ្យបញ្ហានេះកើតឡើងទេ ហើយអាជ្ញាធរកំពុងស៊ើបអង្កេតលើបញ្ហានេះ៕