អន្តរជាតិ៖ ក្រោយប្រព្រឹត្តកំហុសក្នុងចំណាត់ការឆ្លើយតបរបស់រដ្ឋាភិបាលប្រឆាំងជំងឺ COVID-19 និងបានបំពានបញ្ជាបិទប្រទេសលោកDavid Clark រដ្ឋមន្ត្រីសុខាភិបាលនូវែលសេឡង់ បានលាលែងតំណែង នៅថ្ងៃទី២ ខែកក្កដានេះ ។ ដោយនាយករដ្ឋមន្ត្រីព្រមទទួលការសុំចុះចេញពីតំណែង ក្រោយបដិសេធកាលពី២ខែមុន ដើម្បីទុកឲ្យស្ថានការណ៍COVID-19ធូរស្រាលសិន។
លោក រដ្ឋមន្ត្រីសុខាភិបាលនូវែលសេឡង់ និយាយក្នុងសន្និសីទព័ត៌មាននៅសភាថា ការបន្តកាន់តួនាទីជារដ្ឋមន្ត្រីសុខាភិបាល គឺជាការរំខានដល់វិធានការឆ្លើយតបជារួមរបស់រដ្ឋាភិបាលប្រឆាំង COVID-19 ។ កាសែត New Zealand Herald បានស្រង់សម្តីលោករដ្ឋមន្ត្រីដូច្នេះថា៖«ខ្ញុំព្រមទទួលខុសត្រូវទាំងស្រុងចំពោះការសម្រេចចិត្តដែលបានធ្វើ អំឡុងអាណត្តិជារដ្ឋមន្ត្រីសុខាភិបាល»។ លោកបន្តថា នាយករដ្ឋមន្ត្រីអ្នកស្រី Jacinda Ardern បានព្រមទទួលការលាលែងតំណែងលោក។
ទាក់ទិនបញ្ហានេះ អ្នកស្រីនាយករដ្ឋមន្ត្រី Ardern លើកឡើងថា មនុស្សឆ្លងជំងឺ COVID-19 ពុំគួរអនុញ្ញាតឲ្យចាកចេញពីមណ្ឌលចត្តាឡីស័កឡើយ។ អ្នកស្រីសង្កត់ធ្ងន់ថា៖«នេះ គឺតំណាងឲ្យភាពបរាជ័យដែលពុំអាចទទួលបានឡើយនៃប្រព័ន្ធសុខាភិបាលយើង។ យើងតម្រូវឲ្យធ្វើតេស្តយ៉ាងតិច២ដងមុនឲ្យពួកគេចេញពីមណ្ឌលនោះ»។
នាយករដ្ឋមន្ត្រី Arden បានបញ្ជាក់បន្ថែមទៀតថា ដោយដកស្រង់ចុះផ្សាយពីកាសែត New Zealand Heraldថា លោក David Clark បានសម្រេចចុងក្រោយថា វត្តមានលោកក្នុងតួនាទីជារដ្ឋមន្ត្រីសុខាភិបាល កំពុងបង្កើតការបង្អាក់ដល់វិធានការឆ្លើយតបរបស់រដ្ឋាភិបាលប្រឆាំង COVID-19 និងកំណែទម្រង់សុខាភិបាលធំទូលាយទៀត ។
សូមជម្រាបថា នូវែលសេឡង់ បានសម្រេចដកហូតបញ្ជាបិទប្រទេសទាំងអស់កាលពីថ្ងៃទី៨ ខែមិថុនា ក្រោយអ្នកជំងឺម្នាក់ចុងក្រោយរបស់ខ្លួនបានជាសះស្បើយហើយអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ក៏ប៉ុន្តែ២៤ថ្ងៃគ្មានរាយការណ៍ករណីឆ្លង COVID-19 ថ្មី ត្រូវបានបញ្ចប់កាលពីថ្ងៃទី១៦ ខែមិថុនា នៅពេលស្ត្រី២នាក់ដែលទើបមកពីចក្រភពអង់គ្លេស ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌលចត្តាឡីស័កលឿនដោយគ្មានការធ្វើតេស្តរក COVID-19 ហើយក្រោយមកពួកគេត្រូវរកឃើញថា មានផ្ទុកវីរុស។
គួរបញ្ជាក់ថា លោករដ្ឋមន្ត្រីសុខាភិបាលនូវែលសេឡង់ ត្រូវទម្លាក់ឋានន្តរសក្តិលោកក្នុងគណៈរដ្ឋមន្ត្រី និងដកហូតលោកចេញពីតួនាទីមួយទៀត កាលពីខែមេសា ក្រោយបានធ្វើដំណើរចម្ងាយ២០គីឡូម៉ែត្រជាមួយគ្រួសារលោកទៅកម្សាន្តនៅឆ្នេរសមុទ្រក្នុងសប្តាហ៍ទី១ នៃការអនុវត្តបញ្ជាបិទប្រទេស។ កាលនោះ នាយករដ្ឋមន្ត្រីនូវែលេសឡង់ ពុំទាន់សម្រេចដកហូតលោកចេញតួនាទីឡើយ ដោយអះអាងថានៅពេលស្ថានការណ៍ COVID-19 វិលមកសភាពធម្មតាឡើងវិញ អ្នកស្រីនឹងដកហូតតំណែងលោករដ្ឋមន្ត្រី Clark ចោល។
សូមជម្រាបថា អ្នកស្រីនាយករដ្ឋមន្ត្រី Ardern កាលពីខែមេសា កន្លងទៅ បាននិយាយដូច្នេះថា៖«អ្វីដែលគាត់បានប្រព្រឹត្តគឺជារឿងខុសឆ្គងហើយវាគ្មានការលើកលែងនោះឡើយ។ ក៏ប៉ុន្តែ ស្ថានភាពបច្ចុប្បន្ន អាទិភាពចម្បងខ្ញុំគឺរួមដៃប្រយុទ្ធប្រឆាំង COVID-19។ ដូច្នេះហើយយើងពុំអាចទ្រាំទ្រការបង្អាក់យ៉ាងធំធេងមួយក្នុងវិស័យសុខាភិបាល ឬក្នុងការឆ្លើយតបយើងឡើយ។ សម្រាប់ហេតុផលតែមួយគត់នេះលោកវេជ្ជបណ្ឌិត Clark នឹងបន្តកាន់តួនាទីលោកដដែល»៕ដោយ៖ស តារា