ភ្នំពេញ ៖បុរសម្នាក់បើករថយន្តរបស់ក្រុមហ៊ុន ហាវេស ជេរភើរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករះរថយន្តស៊េរីទំនើប៣គ្រឿងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៦៖៣០ល្ងាចថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តចំនួនបីគ្រឿង មាន៖
ទី១-រថយន្តម៉ាក lexus lx 470 ពណ៌ស ពាក់ស្លាកលេភ្នំពេញ2AG7678បើកបរដោយបុរសម្នាក់។
ទី២-រថយន្តម៉ាកTritonពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2R 9188បើកបរដោយបុរសម្នាក់ ។
ទី៣-រថយន្តម៉ាក highlander ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AG 0480បើកបរដោយបុរសម្នាក់ដែលធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តរបស់ក្រុមហ៊ុន ហាវេស ជេរភើរម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E 4037បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរជាព្រូម្នាក់ទៀតក្នុងទិសដៅស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្រ្វ័ង
មិនទាន់ជ្រុលមកបុកនឹងរថយន្តហាយឡេនឌ័រពីក្រោយពេញទំហឹងបណ្ដាលឲ្យរុញបន្តទៅប៉ះជាមួយនឹងរថយន្តពីរគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកើតហេតុដោយភាគីទាំងសងខាងសុំធ្វើការចរចាគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។ដោយ៖និន សុភ័ស្ត