មហាអំណាច​យោធា​ពិភពលោកចិន៖ បាន​ក្លាយជា​ភាគី​នៃ​សន្ធិសញ្ញា​គ្រប់គ្រង​ពាណិជ្ជកម្ម​អាវុធ​អន្តរជាតិ

ចែករំលែក៖

អន្តរជាតិ៖ ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ លោក Zhang Jun បានរិះគន់​សហរដ្ឋអាមេរិក ​ដែល​មិន​អនុវត្តតាម​សន្ធិសញ្ញា​នេះទោះជា​ប្រធានាធិបតី អូ​បា​ម៉ា បាន​ចុះហត្ថលេខា​ហើយ​ក្ដី ។ ប៉ុន្តែនៅ​ថ្ងៃទី​៦ ខែកក្កដាថ្មីៗនេះ មហាអំណាច​យោធា​ពិភពលោកចិន បាន​ក្លាយជា​ភាគី​នៃ​សន្ធិសញ្ញា​គ្រប់គ្រង​ពាណិជ្ជកម្ម​អាវុធ​អន្តរជាតិ ដែលជា​កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​ទាត់ចោល​ដោយ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។

​នៅក្នុង​សេចក្ដីថ្លែងការណ៍​នៅថ្ងៃទី​៦ ខែកក្កដា លោក Zhang Jun តំណាងចិន​ប្រចាំ​អង្គការសហប្រជាជាតិ និយាយថា ការចូលរួម​របស់​ចិន​ពេលនេះ បង្ហាញ​ពី​ភាពស្មោះត្រង់ និង​ការតាំង​ចិត្ត​របស់​ចិន​ក្នុង​ការរក្សា​ប្រព័ន្ធគ្រប់គ្រង​ពាណិជ្ជកម្ម​អាវុធ ការគាំទ្រ​ពហុភាគី​និយម និង​ការបង្កើត​សហគមន៍​វាសនា​តែមួយ​។​លោក Zhang Jun បន្ថែមថា លោក​បានប្រគល់​លិ​ខិត​តូ​បក​រណ៍​របស់​ចិន​ដើម្បី​ចូលរួម​ក្នុង​សន្ធិសញ្ញា​គ្រប់គ្រង​ពាណិជ្ជកម្ម​អាវុធ​អន្តរជាតិ​ហើយ​។

​សូមជម្រាបថា ចិនបានប្រកាស​ពី​បំណង​ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មួយ​នេះ​តាំងពី​ចុងឆ្នាំ​២០១៩ មក​។ រហូតមកដល់​ខែមិថុនា ឆ្នាំ​២០២០ថ្មីនេះសភា​ប្រជាជន​ចិន បានអនុម័ត​លើ​ការចូលរួម​នេះ ហើយក៏​ក្លាយជា​សមាជិក​ទី​១០៧ នៅពេលនេះ​ទៅ​។

​គួរបញ្ជាក់ថា សន្ធិសញ្ញា​គ្រប់គ្រង​ជំនួញ​អាវុធ​នេះ លេច​ជា​រូបរាង​នៅ​ឆ្នាំ​២០១៣ បន្ទាប់ពី​ត្រូវបាន​អនុម័ត​ដោយ​មហាសន្និបាត​អង្គការ​ស​ប្រជាជាតិ​។ សន្ធិ​ស​ញ្ញ​នេះ មាន​គោលដៅ​គ្រប់គ្រង​ពាណិជ្ជកម្ម​អាវុធ​ពិភពលោក​ដែលមាន​តម្លៃ​ប្រមាណ​៧០​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ វា​ក៏មាន​គោលដៅ​លើ​ការបញ្ចៀស​ការរត់ពន្ធ​អាវុធ​ដែល​អាច​ធ្លាក់​ដល់ដៃ​ក្រុម​បំពាន​សិទ្ធិមនុស្ស​ផងដែរ​។ អាវុធ​ដែល​ស្ថិតក្រោម​សន្ធិ​ស​ញ្ញ​នេះ​មាន​ចាប់ពី​កាំភ្លើង​ធម្មតា មី​ស៊ី​ល រហូតដល់​នាវាចម្បាំង និង​យន្តហោះ​ចម្បាំង​។​

​ប៉ុន្តែ​សន្ធិ​ស​ញ្ញ​នេះ មិន​ត្រូវបាន​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គោរព​តាម​ឡើយ បើទោះជា​មហាអំណាច​មួយ​នេះ​ជា​ភាគី​មួយ​ក្ដី​។លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជា​អ្នកចុះហត្ថលេខា​សន្ធិសញ្ញា​នៅ​ឆ្នាំ​២០១៣ តែ​ព្រឹទ្ធសភា​មិនបាន​ផ្ដល់​សច្ចា​ប័នឡើយ​មកដល់ពេលនេះ​។ លោក ត្រាំវិញ បាន​និយាយ​កាលពី​ឆ្នាំមុន ថា អាមេរិក​នឹង​ដក​ឈ្មោះ​ជា​ហត្ថលេខី​វិញ ហើយ​បន្ទាប់មក អាមេរិក​ក៏​ជូនដំណឹង​ទៅកាន់​អង្គការសហប្រជាជាតិ​ថា ខ្លួន​មិនមាន​កាតព្វកិច្ច​អ្វី​ក្រោម​សន្ធិសញ្ញា​នេះ​ទៀតឡើយ​។

​លោក Zhang​បន្តថា ប្រទេស​មហាអំណាច ត្រូវ​ដើរតួ​ជា​គំរូ​តាមរយៈ​ការចូលរួម​ក្នុងការ​ការពារ​សណ្ដាប់​ធ្នាប់​អន្តរជាតិ នីតិរដ្ឋ តួនាទី​របស់​អង្គការសហប្រជាជាតិ និង​ប្រព័ន្ធ​ពហុភាគី​និយម​ផងដែរ​។​ មិនតែប៉ុណ្ណោះលោក បាន​រិះគន់​ខ្លាំង​ចំពោះ​ទង្វើ​ឯកតោភាគី​បែបនេះ​។ ដោយ​មិន​និយាយ​ចំឈ្មោះ​អាមេរិក ដោយលោក អះអាងថា ប្រទេសមួយ​នោះ បាន​ដើរ​ចេញពី​ការប្ដេជ្ញាចិត្ត​អន្តរជាតិ ហើយ​ចាប់ផ្ដើម​សកម្មភាព​ឯកតោ​ភ​គី​និយម​។

​ដោយឡែក​ទីភ្នាក់ងារ​ព័ត៌មាន AFP បាននិយាយថា ចិន​ជា​ប្រទេស​ផលិត​អាវុធ​ធំ​ទី​ពីរ​មួយ និង​បាន​នាំចេញ​អាវុធ​ច្រើន​ផងដែរ​នា​ឆ្នាំ​កន្លងទៅ​។ ចំណែក​ក្នុង​របាយការណ៍​របស់​វិទ្យាស្ថាន​ស​ស្រាវជ្រាវ​សន្តិភាព​ស្តុក​ខុល ចន្លោះ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ ចិន​ជាប់​ចំណាត់​ទី​៥ ជា​ប្រទេស​នាំចេញ​អាវុធ​ច្រើនជាងគេ​របស់​ពិភពលោក​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print