ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូឌុបម្តាយចេញពីធ្វេីការរោងចក្រត្រូវរថយន្តបើកមកបុកពេញទំហឹងខ្ទាតទៅផ្ទប់និឹងតុលក់លៀសហាលកាលពីវេលាម៉ោង១២ៈ០០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅផ្លូវបេតុងស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្តាយឈ្មោះ ឡាយ សុទ្ធារី អាយុ៤៥ឆ្នាំ រងរបួសស្រាល ចំណែកកូនប្រុសឈ្មោះ សៅ ដារ៉ូ អាយុ២០ឆ្នាំ រងរបួសធ្ងន់ មុខរបរកម្មកររោងចក្រទាំងពីរនាក់ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅ៣ នៅក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1C-2284 ដោយកូនប្រុសជាអ្នកបើកបរ ដោយជិះចេញពីរោងចក្រធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-0481 ដឹកទំនិញរោងចក្រ ដែលបើកពីត្បូងទៅជើងជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូផ្លោងខ្ទាតទៅផ្ទប់នឹងតុលក់លៀសហាល បណ្តាលឲ្យកូនរងរបួសធ្ងន់ រីឯម្តាយរងរបួសស្រាល ចំណែករថយន្តនិងម៉ូតូរងការខូចខាត។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះទៅវាស់វែង រួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយទៅតាមនីតិវិធីច្បាប់ ៕
ដោយ សុខាសែនជ័យ