ភ្នំពេញ ៖ កម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយនគរបាលខណ្ឌចំការមន បានចុះបង្ក្រាបទីតាំងបើកហ្គេមបាញ់ត្រីមួយកន្លែងដែលមានយីហោ “ជីនសេង ទីក្រុងអានីម” ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រី២០នាក់ដែលជាអ្នកញៀនល្បែង កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ការចុះបង្រ្កាបទីតាំងបើកល្បែងខុសច្បាប់ខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការដ្ឋានរាជធានីភ្នំពេញ ។ ក្នុងនោះ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងជាច្រើន តែមិនបានបញ្ជាក់ថាអ្វីខ្លះនោះទេ។ ចំណែកអ្នកញៀនល្បែងកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនមនុស្សប្រុសចំនួន១៧នាក់ និងស្រីចំនួន៣នាក់ សរុបទាំងអស់២០នាក់បញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី ។
គួររំលឹកថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្លាប់បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលបើកប្រតិបត្តិការបង្រ្កាបគ្រប់ទីតាំងល្បែងស៉ីសងខុសច្បាប់ទាំងអស់និងធ្លាប់បានលើកឡើងថា « ដើម្បីលុបបំបាត់បទល្មើសឆក់ ប្លន់ គ្រឿងញៀន ការបង្រ្កាបទីតាំងទូហ្គេមនៅទីក្រុងភ្នំពេញ ជាពិសេសតំបន់ទេសចរណ៍ ត្រូវតែធ្វើឲ្យបានល្អ និងមិនអនុញ្ញាតឲ្យបើកឡើយ បើនរណាអនុញ្ញាត អ្នកនោះទទួលខុសត្រូវចំពោះមុខច្បាប់» ៕
ដោយ៖ ភារ៉ា ដង្កោ