ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ពលរដ្ឋជាច្រើននាក់នាំគ្នាមកតវ៉ាសុំអន្តរាគមន៍ ដោយសូមឲ្យលោកអភិបាលខេត្តប៉ៃលិន ជួយសម្រួលដល់ពួកគាត់ ក្នុងករណីរដ្ឋបាលស្រុកសាលាក្រៅ បានចេញសេចក្តីជូនដំណឹង ពីការចុះរុះរើសំណង់ផ្ទះរបស់ពួកគាត់អនាធិបតេយ្យ ដែលសាងសង់លើចំណីផ្លូវ ដែលស្ថិតនៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយដាក់កំណត់ត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ជាកំហិត។
ពលរដ្ឋទាំង១៥គ្រួសារ បានលើកឡើងថា ដីខាងលើនេះពួកគាត់រស់នៅជិត២០ឆ្នាំមកហើយ ដោយទិញពីគេ រួចបានសាងសង់ផ្ទះរស់នៅរហូតដល់សព្វថ្ងៃមិនដែលមិនដែលមានបញ្ហានោោះទេ។
ប្រជាពលរដ្ឋខាងលើ ត្អូញត្អែរថា បើខាងអាជ្ញាធរដេញពួកគាត់ចេញពីកន្លែងនោះ តើឲ្យគាត់ទៅនៅឯណា ព្រោះពួកគាត់គ្មានដីធ្លីផ្សេងទៀតទេ? ម្យ៉ាងទៀតពួកគាត់សុទ្ធតែជាពលរដ្ឋក្រីក្រ ជាកម្មករដើរស៊ីឈ្មួលគេបានមួយថ្ងៃរស់មួយថ្ងៃ ពេលខ្លះសឹងតែដាច់បាយក៍មាន។ ពលរដ្ឋទាំងអស់ បានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល ជួយរកដំដោះស្រាយជូនពួកគាត់ផង។
ប្រភពពីអាជ្ញាធរដែនដីបានឲ្យដឹងថាក្រោយពីមានការសម្របសម្រួលពីលោក ចេង ញ៉ាន់ អភិបាលរងខេត្តបានមានប្រសាសន៍ថាប្រជាពលរដ្ឋទាំងអស់នេះអាចរស់នៅបន្តទៀតដោយរង់ចាំខាងរដ្ឋបាលខេត្តត្រៀមរកដីមួយកន្លែង ដើម្បីឲ្យពលរដ្ឋទាំង១៥គ្រួសារនេះទៅរស់នៅទីនោះដោយមួយគ្រួសារទទួលបានដីទំហំ៥ម៉ែត្រគុណ២០ម៉ែត្រ។ចំណែកពលរដ្ឋភាគច្រើនទទួលយកការដោះដូរនេះតែរង់ចាំសប្តាហ៍ក្រោយបន្ទាប់ពីកំណត់ទីតាំងច្បាស់លាស់រួច៕ដោយ÷ស សារ៉េត