ក្រុមអ្នកឯកទេសបានបញ្ជាក់ថា អាមេរិកនិងចិនកំពុងតែប្រជែងឥទ្ធិពលនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ក្នុងគោលដៅកំណត់ច្បាប់ឡើងវិញផ្តល់ផលប្រយោជន៍ដល់ប្រទេសរៀងៗខ្លួន។
បច្ចុប្បន្នមានបេក្ខភាពសម្រាប់ប្រកួតប្រជែងតំណែងប្រធានអង្គការពណិជ្ជកម្មពិភពលោកដល់ទៅ៨រូប ដែលក្នុងនោះមានស្ត្រី និងបេក្ខភាពមកពីអាហ្វ្រិកផងដែរ។ ប៉ុន្តែក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា ការប្រកួតប្រជែងរវាងអាមេរិកនិឹងចិនក្នុងការដណ្តើមតំណែង អគ្គនាយកWTO កាន់តែខ្លាំងព្រោះអាចកែប្រែច្បាប់មួយចំនួនផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់ខ្លួន។
តាមសារព័ត៌មានNikkeiបានឱ្យដឹងថា បេក្ខភាពដែលលេចធ្លោជាងគេនោះគឺលោកស្រីNgozi Okonjo-Iweala អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសនីហ្សេរីយ៉ា ។ លោកស្រីធ្លាប់ធ្វើការនៅធនាគារពិភពលោករយៈពេល២៥ឆ្នាំ និងធ្លាប់កាន់តំណែងជាអនុប្រធានធនាគារពិភពលោកផងដែរ ។ មិនតែប៉ុណ្ណោះលោកស្រីមានទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ។
ជាមួយគ្នានេះដែរ ក៏មានស្ត្រីដើមកំណើតអាហ្វ្រិកផ្សេងទៀតកំពុងតែលេចធ្លោគួរឱ្យកត់សម្គាល់ នោះគឺ លោកស្រីAmina Mohamed ជនជាតិកេនយ៉ា ធ្លាប់ធ្វើការជាប្រធានគម្រោងនយោបាយរបស់ WTO ។ បើទោះបីបែបណាក្តី ប្រទេសជាសមាជិកទាំង១៦៤ របស់អង្គការWTO នៅតែមិនទាន់អាចបោះឆ្នោតជ្រើសរើសប្រធានថ្មីបាននៅឡើយ។
ចិនត្រូវបានគេដឹងថាកំពុងតែជំរុញឲ្យមានការគាំទ្រដល់បេក្ខភាពមកពីតំបន់ដែលចិនកំពុងតែវិនិយោគខ្លាំង ។ បច្ចុប្បន្នចិននិងបណ្តាប្រទេសទ្វីបអាហ្វ្រិកកំពុងតែបែងចែកផលប្រយោជន៍ និងច្បប់ពាណិជ្ជកម្មដែលផ្តល់ផលប្រយោជន៍ក្នុងវិស័យទូរគមនាគមន៍និងកសិកម្ម ឬ នេសាទ។
ចំណែកអាមេរិកវិញកំពុងតែខិតខំស្វែងរកការគាំទ្រដល់បេក្ខភាពមកពីទ្វីបអាមេរិក ក្នុងនោះមានបេក្ខភាពមកពីប្រទេសម៉ិចស៊ីកូ៕
ដោយ៖ ធី រីណា