ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តមួយគ្រឿងដែលជារថយន្តសម្រាប់រុករក និងសង្គ្រោះគ្រោះមហន្តរាយ បានគេចពីម៉ូតូមួយគ្រឿងដែលបើកបញ្រ្ចាសទិសគ្នា ជ្រុលទៅបុកបង្គោលភ្លើង និងដេីមឈេី បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ២៧១កែងនឹងផ្លូវលេខ៤៨០ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមសម្ដីបុរសម្នាក់មានវ័យប្រហែល៤០ឆ្នាំ និងជាតៃកុងរថយន្តម៉ាក Ford ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ រដ្ឋ 05-2-0606 បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បើករថយន្តខាងលើតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីកើតមកលិច ពេលមកដល់ចំណុចផ្លូវកែងលេខ៤៨០ ស្រាប់តែមានម៉ូតូមិនចាំម៉ាកមួយគ្រឿងបើកយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសគ្នាបត់ចូលផ្លូវលេខ៤៨០ ធ្វើឲ្យគាត់ជាន់ហ្រ្វ័ងមិនទាន់ក៏សម្រេចចិត្តបួងចង្កូតទៅបុកនឹងបង្គោលភ្លើងនិងដើមឈើបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទៅមុខលែងរួចបែបនេះទៅ ហើយជាសំណាងដែរដែលរូបគាត់និងបងប្អូនប្រជាពលរដ្ឋមិនរងរបួស ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះត្រួតពិនិត្យនិងរៀបចំស្ទូចរថយន្តនេះយកទៅរក្សទុកបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមក្រោយ ៕
ដោយ៖ ភារ៉ា ដង្កោ