ភ្នំពេញ់៖វីរសិល្បករកម្ពុជាគឺលោកព្រឹទ្ធាចារ្យ ព្រីង សាឃន បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់លោកបានបន្សល់ទុក្ខនៅការសោកស្តាយជាខ្លាំងព្រោះតែលោកគឺជាសាស្ត្រាចារ្យនៅសាលាវិចិត្រសិល្បៈដែលមានជំនាញខាងភាពយន្ត របាំ ល្ខោនយីកេ និងទេពកោសល្យជាច្រើនទៀត។
ព្រឹទ្ធាចារ្យ ព្រីង សាឃន ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកជាមរតកមនុស្សរស់ផ្នែកសិល្បៈ។សពរបស់លោកព្រឹទ្ធាចារ្យត្រូវបានហែទៅចេញពីគេហដ្ឋាន ក្នុងសង្កាត់បឹងកេងកង១ ឆ្ពោះទៅកាន់វត្ដឬស្សីស្រស់ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២០ ខែកក្កដា នេះ ។យោងតាមសាច់ញាតិរបស់លោកព្រឹទ្ធាចារ្យ បានបញ្ជាក់ ថា ពិធីបុណ្យនៅគេហដ្ឋានចង្អៀតពិបាកទើបក្រុមគ្រួសារបានរៀបចំហែទៅកាន់វត្ដឫស្សីស្រស់។ ដើម្បីធ្វើបុណ្យតាមប្រពៃណីបន្ដ និងឈានទៅដល់ធ្វើពិធីបូជាសពនៅថ្ងៃពុធ ទី២២ ខែ កក្កដាឆ្នាំ ២០២០។
គេសង្កេតឃើញមានសិល្បករ-សិល្បការិនីជាច្រើនដែរដែលមានការសោកស្ដាយនូវទេពកោសល្យ និងរូបលោកផ្ទាល់មិនចាញ់សាច់ញាតិប៉ុន្មានឡើយក្រោយពីទទួលដំណឹងមរណភាពរបស់លោកព្រឹទ្ធាចារ្យ ព្រោះតែជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃរបស់កម្ពុជា។ លោកព្រឹទ្ធាចារ្យធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសិល្បៈ ខណៈមហាជនក៏ធ្លាប់បានស្គាល់លោកព្រឹទ្ធាចារ្យលើការសម្តែងល្ខោនបាសាក់ យីកេ
ដែលភាគច្រើនលោកសម្ដែងជាតួឥសី និងចាស់ព្រឹទ្ធាចារ្យពិសេសតួតាជូជក់ ក្នុងរឿងព្រះវេសន្ដរ ចាប់តាំងពីអំឡុងឆ្នាំ១៩៨០មកម៉្លេះ។ លោកក៏ធ្លាប់បានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំជាច្រើនផងដែរដូចជារឿង “ទុំទាវ” រឿង”នាងសក់ពស់” រឿង”ថ្មរាំ”ជាដើម”៕
ដោយ វឌ្ឍនា