ភ្នំពេញ ៖ បន្ទាប់ពីមានបញ្ជាពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមក នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក មា សុភាព អភិបាលរងខណ្ឌមានជ័យតំណាងលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌនិងមន្ត្រីពាក់ព័ន្ធចុះកាយដីដែលឈ្មួញចាក់រំលោភលេីចំណីប្រឡាយលូប្រាំ ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក មា សុភាព បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ការចុះអនុវត្តនេះគឺបានធ្វេីការវាស់វែងត្រឹមត្រូវពីក្រុមសុរិយោដី និងភូមិបាលខណ្ឌ រួមជាមួយនឹងមន្ត្រីជំនាញសាធារណៈខណ្ឌ ហេីយការអនុវត្តមិនមែនតែមួយទីតាំងនេះទេគឺឲ្យតែសំណង់ណាឬក៏ទីតាំងណាដែលវាស់ទៅឃេីញថារំលោភបំពានលេីសម្បត្តិសាធារណៈជាពិសេសប្រឡាយលូប្រាំនេះ គឺត្រូវតែរុះរេីនិងកាយចេញជាដាច់ខាត។
ជាមួយគ្នានោះដែរម្ចាស់ទីតាំងក៏បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធររាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌមានជ័យឲ្យជួយរកយុត្តិធម៌ដល់រូបគាត់ផង ហេីយគាត់បញ្ជាក់ថា គាត់មិនហាមឃាត់ចំពោះការអភិវឌ្ឍរបស់អាជ្ញាធរទេ ប៉ុន្តែត្រូវអនុវត្តឱ្យស្មេីភាពគ្នារវាងប្រជាពលរដ្ឋរស់នៅអមសងខាងប្រឡាយនេះ សូមកុំអនុវត្តតែកន្លែងគាត់មួយអ៊ីចឹង៕
ដោយ ភារ៉ា ដង្កោ