ប្រទេសចិន៖ រដ្ឋាភិបាលចិន ចង់ឃើញអង់គ្លេស ដែលទើបតែបានចាកចេញពីសហភាពអឺរ៉ុប បង្ហាញតួនាទីដែលមានប្រយោជន៍ដល់សហគមន៍អន្តរជាតិ ជាជាងបង្កការគំរាមកំហែងសន្តិសុខ ។ មិនតែប៉ុណ្ណោះចិន បានព្រមានរដ្ឋាភិបាលអង់គ្លេសពាក់ព័ន្ធនឹងការធ្វើសកម្មភាពយោធានៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលចិន មើលឃើញថាមានចេតនាបន្ថែមសម្ពាធលើខ្លួន ។
តាមប្រភពព័ត៌មានដដែល លោកអគ្គរដ្ឋទូតចិន បានលើកឡើងថា អង់គ្លេស បានកាត់ផ្តាច់ចំណងពាណិជ្ជកម្មជាមួយនឹងសហភាពអឺរ៉ុបរួចទៅហើយ ដូច្នេះអង់គ្លេស មិនគួរចូលដៃជាមួយនឹងអាមេរិកសម្ញែងកម្លាំងយោធាមកលើចិននោះទេ។ លោក គូសបញ្ជាក់ថា ក្រោយនៃការចាកចេញពីសហភាពអឺរ៉ុប អង់គ្លេសនៅតែចង់ដើរតួនាទីសំខាន់របស់ខ្លួនដដែល។
ក៏ប៉ុន្តែសម្រាប់ប្រមុខការទូតចិនប្រចាំអង់គ្លេសរូបនេះ បានក្រើនរម្លឹកដល់អង់គ្លេស ថា ការសម្ញែងយោធារបៀបនេះ មិនមែនជាមធ្យោបាយសម្រាប់ដើរតួនាទីសំខាន់របស់ពិភពលោកនោះទេ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times ថា លោក Liu Xiaoming អគ្គរដ្ឋទូតចិនប្រចាំអង់គ្លេស កាលពីថ្ងៃ១៨ កក្កដាថ្មីៗនេះ បានប្រតិកម្មខ្លាំងទៅនឹងវត្តមាននាវាដឹកយន្តហោះចម្បាំងរបស់អង់គ្លេស ដែលបានចូលចតនៅក្នុងតំបន់ប៉ាស៊ីហ្វិក។ តំណាងប្រទេសរូបនេះ បានហៅសកម្មភាពនេះ គឺជារឿងដ៏គ្រោះថ្នាក់មួយ។
សារព័ត៌មានអង់គ្លេស The Times បន្តថា ក្នុងសប្តាហ៍នេះ អង់គ្លេសបានបញ្ជូនយន្តហោះជាច្រើនគ្រឿងដោយចុះចតនៅលើនាវាដឹកយន្តហោះចម្បាំង HMS Queen Elizabeth នៅតំបន់ប៉ាស៊ីហ្វិក ជាផ្នែកមួយរបស់សម្ព័ន្ធអន្តរជាតិដើម្បីតទល់ជាមួយនឹងចិន។ នាវាដឹកយន្តហោះចម្បាំងនេះដែរ នៅឆ្នាំក្រោយ ក៏មានផែនការធ្វើនាវាចរណ៍ដើម្បីបង្ហាញពីការអនុវត្តសេរីភាពក្នុងដែនសមុទ្រអន្តរជាតិ នៅក្នុងសមុទ្រចិនខាងត្បូងផងដែរ៕ ដោយ៖ស តារា