ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកួតកីឡាវាយកូនគោលមិត្តភាពជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាពនៅទីលានវាយកូនគោលវឌ្ឍនៈនាថ្ងៃនេះ មានការអញ្ជើញចូលរួមពីសំណាក់លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គនាយក ជាសមាជិកនៃសមាគមន៍វាយកូនគោលក្រសួងមហាផ្ទៃ និងមន្ត្រីជាន់ខ្ពស់នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនជាច្រើនរូបទៀត។
សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា៖ តាមរយៈព្រឹត្តិការណ៍កីឡាវាយកូនគោលមិត្តភាពនៅថ្ងៃនេះ សម្ដេច និងលោកឯកអគ្គរដ្ឋទូតចិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងស្ថានទូតចិន បានបង្កើនភាពជិតស្និតប្រកបដោយមិត្តភាពជាមួយគ្នា និងក៏បានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាតរភាព។
ដោយឡែកព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ជាក្រុមអ្នកធុរកិច្ចកម្ពុជា និងចិន មួយចំនួនទៀតដែរ។ សម្ដេចបានប្រសាសន៍ថាការជួបគ្នានាថ្ងៃនេះ ក៏ជាឱកាសដ៏ល្អសម្រាប់ការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមករវាងក្រុមអ្នកវិនិយោគប្រទេសទាំងពីរផងដែរ។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញជំនឿជឿជាក់ដែរថាក្រោយពីបញ្ចប់វិបត្តិកូនវីដ១៩ ប្រទេសកម្ពុជានឹងទទួលបានការវិនិយោគបន្ថែមទៀតពីសំណាក់ក្រុមអ្នកវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិន និងមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត៕
ដោយ៖ សិលា