អន្តរជាតិ៖ តុលាការម៉ាឡេស៉ី បានចេញសាលក្រមសម្រេចកាត់ទោសឲ្យជាប់គុក១២ឆ្នាំ និងពិន័យលុយជាង៤៩,៤លានដុល្លារ ក្រោយរកឃើញអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ មានទោស៧ករណីក្នុងសំណុំរឿងពុករលួយពាក់ព័ន្ធមូលនិធិរដ្ឋ 1MDB ។ហើយចំពោះសាលក្រមនេះ ក៏ត្រូវបានបក្សប្រឆាំងម៉ាឡេស៊ី បានសាទរផងដែរ ។
ក្នុងសេចក្តីថ្លែងការណ៍រួម នៅថ្ងៃពុធទី ២៩ ខែកក្កដានេះ សម្ព័ន្ធនយោបាយ Pakatan Harapan លើកឡើងថា សាលក្រមនេះ គឺជាជោគជ័យដ៏ធំមួយសម្រាប់ប្រជាជនម៉ាឡេស៊ី។ តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia បក្សប្រឆាំងម៉ាឡេស៊ីនេះសរសេរទៀតថា៖«ដំណើរការសវនាការនេះ ច្បាស់នឹងមិនអាចចាប់ផ្ដើមឡើយ ប្រសិនបើប្រជាជនមិនក្រោកឡើងជួយឲ្យ Pakatan Harapan ទទួលជោគជ័យ និងកាច់បំបាក់សម្ព័ន្ធ Barisan Nasional ក្នុងការបោះឆ្នោតទូទៅឆ្នាំ២០១៨ »។
ដោយឡែក លោក Ahmad Zahid Hamidi ប្រធានបក្សអង្គការជាតិម៉ាឡេរួបរួម (UMNO) ដែលជាបក្សកាន់អំណាចម៉ាឡេស៊ី បានអំពាវនាវឲ្យថ្នាក់ដឹកនាំបក្សគ្រប់កម្រិត សមាជិកបក្ស និងអ្នកគាំទ្ររក្សាភាពស្ងប់ស្ងាត់។ បង្ហោះសារលើបណ្ដាញសង្គម លោក Ahmad Zahid អះអាងថា៖«យើងជឿជាក់ថា លោក ណាជីប នៅតែមានផ្លូវទទួលបានយុត្តិធម៌ តាមរយៈដំណើរការច្បាប់របស់ប្រទេស»។ យ៉ាងណាលោក Ahmad Zahid ខ្លួនឯង ក៏ជាប់ក្នុងសំណុំរឿងពុករលួយផងដែរ។
គួរបញ្ជាក់ថា លោក ណាជីប រ៉ាហ្សាក់ នៅថ្ងៃទី ២៨ ខែកក្កដាម្សិលមិញនេះ ត្រូវបានតុលាការរកឃើញថាមានទោសកំហុសទាក់ទងនឹងការផ្ទេរលុយប្រមាណ ៩,៨លានដុល្លារ ពីក្រុមហ៊ុន SRC International ដែលជាអតីតស្ថាប័នមួយរបស់មូលនិធិរដ្ឋ 1MDB ចូលទៅគណនីធនាគារផ្ទាល់ខ្លួនលោកក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥។ ទោសលោក ណាជីប ទាំង៧ករណី មានការបំពានទំនុកចិត្ត៣ករណី បទល្មើសលាងលុយកខ្វក់ចំនួន៣ករណី និងបទល្មើសរំលោភអំណាចមួយករណី។
ក្រោយតុលាការកាត់ទោសឲ្យជាប់គុក១២ឆ្នាំ លោក ណាជីប បានប្រាប់អ្នកព័ត៌មានថា លោកជឿលើភាពស្អាតស្អំរបស់លោក ហើយលោកនៅតែមានសុទិដ្ឋិនិយម ទោះលទ្ធផលបែបនេះ។ លោកបន្ថែមថា លោកនឹងលើកសំណុំរឿងនេះទៅកាន់សាលាឧទ្ទរណ៍ដើម្បីតតាំងក្តីបន្ត៕ដោយ៖ស តារា