ទីបំផុតអតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប ត្រូវតុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​១២​ឆ្នាំ និង​ពិន័យ​លុយ​ជាង​៤៩,៤​លាន​ដុល្លារ​

ចែករំលែក៖

អន្តរជាតិ៖ តុលាការម៉ាឡេស៉ី បានចេញសាលក្រមសម្រេចកាត់ទោស​ឲ្យ​ជាប់គុក​១២​ឆ្នាំ និង​ពិន័យ​លុយ​ជាង​៤៩,៤​លាន​ដុល្លារ​ ក្រោយរកឃើញ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ មានទោស​៧​ករណី​ក្នុង​សំណុំរឿង​ពុករលួយ​ពាក់ព័ន្ធ​មូលនិធិ​រដ្ឋ 1MDB ។ហើយចំពោះ​សាលក្រម​នេះ ក៏ត្រូវបានបក្សប្រឆាំង​ម៉ាឡេស៊ី បាន​សាទរ​ផងដែរ ។

ក្នុង​សេចក្តីថ្លែងការណ៍​រួម នៅ​ថ្ងៃពុធទី ២៩ ខែកក្កដានេះ សម្ព័ន្ធ​នយោបាយ Pakatan Harapan លើកឡើងថា សាលក្រម​នេះ គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​ប្រជាជន​ម៉ាឡេស៊ី​។ តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia បក្សប្រឆាំង​ម៉ាឡេស៊ី​នេះសរសេរ​ទៀតថា​៖«​ដំណើរការ​សវនាការ​នេះ ច្បាស់​នឹងមិន​អាច​ចាប់ផ្ដើម​ឡើយ ប្រសិនបើ​ប្រជាជន​មិន​ក្រោក​ឡើង​ជួយ​ឲ្យ Pakatan Harapan  ទទួលជោគជ័យ និង​កាច់​បំបាក់​សម្ព័ន្ធ Barisan Nasional ក្នុងការ​បោះឆ្នោត​ទូទៅ​ឆ្នាំ​២០១៨ »​។​

​ដោយឡែក លោក Ahmad Zahid Hamidi ប្រធាន​បក្ស​អង្គការ​ជាតិ​ម៉ា​ឡេ​រួបរួម (UMNO) ដែលជា​បក្ស​កាន់អំណាច​ម៉ាឡេស៊ី បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​បក្ស​គ្រប់​កម្រិត សមាជិក​បក្ស និង​អ្នកគាំទ្រ​រក្សា​ភាពស្ងប់ស្ងាត់​។ បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម លោក Ahmad Zahid អះអាងថា​៖«​យើង​ជឿជាក់ថា លោក ណា​ជីប នៅតែមាន​ផ្លូវ​ទទួលបាន​យុត្តិធម៌ តាមរយៈ​ដំណើរការ​ច្បាប់​របស់​ប្រទេស​»​។​ យ៉ាងណាលោក Ahmad Zahid ខ្លួនឯង ក៏​ជាប់​ក្នុង​សំណុំរឿង​ពុករលួយ​ផងដែរ​។

​គួរបញ្ជាក់ថា លោក ណា​ជីប រ៉ា​ហ្សា​ក់ នៅ​ថ្ងៃទី ២៨ ខែកក្កដាម្សិលមិញនេះ ត្រូវបាន​តុលាការ​រកឃើញថា​មានទោស​កំហុស​ទាក់ទង​នឹង​ការផ្ទេរ​លុយ​ប្រមាណ ៩,៨​លាន​ដុល្លារ ពី​ក្រុមហ៊ុន SRC International ដែលជា​អតីត​ស្ថាប័ន​មួយ​របស់​មូលនិធិ​រដ្ឋ 1MDB ចូលទៅ​គណនី​ធនាគារ​ផ្ទាល់ខ្លួន​លោក​ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥​។ ទោស​លោក ណា​ជីប ទាំង​៧​ករណី មានការ​បំពាន​ទំនុកចិត្ត​៣​ករណី បទល្មើស​លាងលុយកខ្វក់​ចំនួន​៣​ករណី និង​បទល្មើស​រំលោភ​អំណាច​មួយ​ករណី​។

ក្រោយ​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​១២​ឆ្នាំ លោក ណា​ជីប បាន​ប្រាប់​អ្នកព័ត៌មាន​ថា លោក​ជឿ​លើ​ភាព​ស្អាតស្អំ​របស់លោក ហើយ​លោក​នៅតែមាន​សុទិដ្ឋិនិយម ទោះ​លទ្ធផល​បែបនេះ​។ លោក​បន្ថែមថា លោក​នឹង​លើក​សំណុំ​រឿងនេះ​ទៅកាន់​សាលា​ឧ​ទ្ទ​រណ៍​ដើម្បី​តតាំង​ក្តី​បន្ត​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print