អន្តរជាតិ៖ បើយោងតាមរបាយការណ៍របស់អង្គការ Global Witness បានបញ្ជាក់នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០ថា៖ សកម្មជនដីធ្លី និងសកម្មជនបរិស្ថាន នៅប្រទេសហ្វីលីពីន សរុប៤៣នាក់ ត្រូវបានសម្លាប់ក្នុងប្រទេសមួយនេះ កាលពីឆ្នាំ២០១៩ ។ មិនតែប៉ុណ្ណោះ ហ្វីលីពីនគឺជាប្រទេសដែលគ្រោះថ្នាក់បំផុតក្នុងតំបន់អាស៊ីសម្រាប់អ្នកការពារដីធ្លី និងសកម្មជនបរិស្ថាន ។
របាយការណ៍របស់ Global Witness បានសរសេរទៀតថា៖ ជិត៥០ភាគរយនៃអ្នកដែលត្រូវបានគេសម្លាប់ ជាប្រជាជនរស់នៅក្នុងកោះMindanao ទីកន្លែងដែលកងទ័ពហ្វីលីពីនមានវត្តមានជាយូរមកហើយដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមឥស្លាម និងពួកកុម្មុយនីស្ត។ ម្យ៉ាងកោះនេះ បានស្ថិតក្រោមច្បាប់អាជ្ញាសឹក រហូតដល់ចុងឆ្នាំ២០១៩។
របាយការណ៍ដដែល សរសេរទៀតថា ក្រុមសកម្មជនរស់នៅក្នុងកោះ Mindanao និង Negro បូកបញ្ចូលគ្នាស្មើនឹងជិត ៩០ភាគរយនៃសកម្មជនដីធ្លី និងបរិស្ថាន ដែលត្រូវបានសម្លាប់ក្នុងប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ ។
ដោយឡែកក្រុមអ្នកការពារបរិស្ថានមួយចំនួនធំទៀត ក៏ត្រូវបានសម្លាប់ក្នុងកោះ Negros ដែលជាកោះផលិតស្ករសធំបំផុតនៅហ្វីលីពីន។ទីតាំងនេះ ក៏ហ៊ុមព័ទ្ធដោយកងទ័ព ហើយក៏ជាទីដែលពួកសកម្មជនតវ៉ាដើម្បីឈានទៅកាន់កំណែទម្រង់ដីធ្លី ដើម្បីកាត់បន្ថយភាពក្រីក្រ និងវិសមភាព។
ក្នុងចំណោមនោះ ក៏មានមេដឹកនាំកុលសម័ន្ធជនជាតិភាគតិច Manobo លើកោះ Mindanao ឈ្មោះថា Kaylo Bontolan ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារពីទ័ពអាកាសហ្វីលីពីន ក្នុងខែមេសា ឆ្នាំ២០១៩។ ពោលគឺនៅពេលលោកបានត្រលប់មកផ្ទះលើភ្នំលោកវិញ ដើម្បីជួយប្រមែប្រមូលឯកសារដែលពួកយោធាប្រើអំពើហិង្សាដាក់សមាជិកកុលសម្ព័ន្ធលោក។
គួរបញ្ជាក់ថា ជនរងគ្រោះ ភាគច្រើន គឺជាមេដឹកនាំជនជាតិភាគតិច ប្រជាកសិករ និងបុគ្គលិករដ្ឋ ដែលទទួលបន្ទុកការពារបរិស្ថាន ។ បើតាមរបាយការណ៍អង្គការ Global Witness ជាងពាក់កណ្ដាលនៃអ្នកបាត់បង់ជីវិត គឺជាប់ពាក់ព័ន្ធនឹងកសិវប្បកម្ម ហើយការសម្លាប់១៦ករណីទៀតគឺទាក់ទងនឹងអាជីវកម្មជីករ៉ែ។ នេះជាតួលេខខ្ពស់បំផុតលើពិភពលោក។
បច្ចុប្បន្នអង្គការ Global Witness រកឃើញទៀតថា សកម្មជនសរុប ១១៩នាក់ ត្រូវបានសម្លាប់ អំឡុងពេល៣ឆ្នាំក្រោយលោក រ៉ូឌ្រីហ្គោ ឌូទើតេ ឡើងកាន់អំណាច ។ តួលេខនេះ គឺកើនជិត២ដង បើធៀបនឹង៣ឆ្នាំមុនពេលលោកកាន់អំណាច៕ដោយ៖ស តារា