រយៈពេល​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា ខណៈចរន្តទឹក​ទន្លេមេគង្គ​ហូរ​ចូល​បឹង​ទន្លេសាប​មាន​ភាពយឺតយ៉ាវ ធ្វើឲ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការនេសាទ​ត្រី

ចែករំលែក៖

ខេត្តសៀមរាប ៖ បើយោងតាម​អ្នកជំនាញ​ខាង​ទន្លេ​ បានអះអាងថា ខណៈដែលចរន្តទឹក​ទន្លេមេគង្គ​ហូរ​ចូល​បឹង​ទន្លេសាប​ មាន​ភាពយឺតយ៉ាវ​រយៈពេល​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា បានធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការនេសាទ​ត្រី និង​គំរាមកំហែង​ដល់​ការផ្គត់ផ្គង់​ប្រភព​ប្រូតេអ៉ីន​របស់​ប្រជាជន​ជាង​មួយ​លាន​នាក់​។ អ្នកជំនាញបន្ថែមថា ដោយសារតែចរន្តទឹក​ហូរ​បញ្ច្រាស​ចូល​បឹង​ទន្លេសាប​ដ៏​សំខាន់​នេះ​ប្រហែល​យឺតយ៉ាវ​រហូតដល់​ខែក្រោយ ព្រោះតែ​ភាព​គ្រោះរាំងស្ងួត និង​ទំនប់​វា​រី​អគ្គិសនី​ជាច្រើន​នៅក្នុង​ប្រទេស​ចិន​និង​ឡាវ​ដែល​ត្រូវបាន​គេ​វាយតម្លៃថា បាន​រំខាន​ដល់​លំហូរ​តាម​ធម្មជាតិ​នៃ​ទន្លេមេគង្គ​។​

​សូមជម្រាបថា បឹង​ទន្លេសាប ជាធម្មតា​រីក​ធំ​នៅ​រដូវវស្សា​ពេល​ទឹកទន្លេ​មេគង្គ និង​ទឹកស្ទឹង​នានា​ហូរ​ចូលក្នុង​បឹង​នេះ​បណ្តាល​ឲ្យ​បឹង​នេះ​មាន​ផ្ទៃ​ធំ បង្កើតជា​តំបន់​ព្រៃ​លិច​ទឹក ដែល​ផ្តល់​ជម្រក​ដល់​ត្រី​យ៉ាងច្រើន​ដែល​ពង​និង​បន្ត​ពូជ​។ ប៉ុន្តែ​ចរន្តទឹក​តាម​ធម្មជាតិ​គ្មាន​ពីរ​នេះ​មិនទាន់​កើតមាន​ទេ ហើយ​ប្រជាជន​ដែល​ពឹង​ផ្អែកលើ​បឹង​នេះ​កំពុង​តស៊ូ​រស់​ដោយ​លំបាក​។​

​បើតាមសម្តីប្រជានេសាទនៅតំបន់នោះ គឺលោក ខុន ខែ​ក អាយុ ៣៧ ឆ្នាំ​ដែល​កំពុង​ជួសជុល​សំណាញ់​នៅក្រោម​ផ្ទះ​របស់គាត់​នៅ​កំពង់​ឃ្លាំង ​ដែលជា​ភូមិ​អណ្តែត​ទឹក​ដែល​សឹងតែ​រីងស្ងួត​នៅ ខេត្តសៀមរាប បាន​ប្រាប់ថា លោក​ចេញទៅ​នេសាទ​ពីរ​យប់  តែ​នេសាទ​មិនបាន​គ្រប់គ្រាន់​ទេ​។ ដោយផល​នេសាទ​រយៈពេល​ពីរ​យប់នោះ លោក​លក់បាន ១ម៉ឺន ២ពាន់​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​កាលពី​ឆ្នាំមុន ក្នុង​មួយថ្ងៃ​លោក​រកបាន​ពី ៥ ទៅ ១០ ម៉ឺន​រៀល​គឺ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ដែលមាន​គ្នា​៦​នាក់​។ រីឯភរិយា​របស់លោក​ឈ្មោះ រ៉េត ថា​រី កំពុងបារម្ភ​ថាគ្រួសារ​អ្នកស្រី​លែង​រកបាន​បែបនេះ​ទៀតហើយ​។ និយាយ​អំពី​បំណុល​១.០០០ ដុល្លារ លោកស្រី​ថ្លែងថា បើ​វា​នៅតែ​ដូចនេះ​ទៀត​គឺ​អស់សង្ឃឹម​ហើយ ព្រោះតែពួកគេ​ក៏​ជំពាក់​លុយ​ធនាគារ​ដែរ​។

​គួរបញ្ជាក់ថា ជាធម្មតា ទឹកទន្លេ​មេគង្គ​ហូរ​បញ្ច្រាស​ចូល​បឹង​ទន្លេសាប​រយៈពេល ១២០ ថ្ងៃ ហើយ​ធ្វើ​ឲ្យ​បឹង​នេះ​រីក​ធំ ៦ ដង​គឺមាន​ទំហំ ១ ម៉ឺន​គីឡូ​ម៉ែត្រក្រឡា​មុន​ទឹក​បឹង​ទន្លេសាប​ហូរ​ចូល​ទន្លេមេគង្គ​វិញ​នៅ​ចុងរដូវ​វស្សា​នា​ចុងខែ​កញ្ញា​។ ពេលដែល​ទឹក​បឹង​ទន្លេសាប​នេះ​រីក​ធំ ត្រី​អាច​បង្កើតកូន ដែល​អាច​ឲ្យ​អ្នកនេសាទ​ចាប់​លក់ នៅពេលដែល​ទឹក​បឹង​នេះ​ស្រក​វិញ ក្រោយ​រដូវវស្សា​។​

​ដោយឡែកលោក ឡុង សា​រ៉ាវុធ អគ្គលេខាធិការរង​គ​ណៈ​កម្ម​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​បាន​មានប្រសាសន៍ថា តាម​ទិន្នន័យ​ទឹកភ្លៀង លំហូរ​បញ្ច្រាស​ទឹកទន្លេ​សាប​គឺ​នៅ​ខែសីហា​។ គណៈកម្មការ​ទន្លេមេគង្គ​ថា លំហូរ​បញ្ច្រាស​យឺត​ពេលនេះ​បណ្តាលមកពី​ភ្លៀង​តិច​ក្នុង​ឆ្នាំ ២០១៩ និង​ទំនប់​វា​រី​អគ្គិសនី​នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ​គឺ​ទំនប់​ចំនួន​ពីរ​នៅ​ប្រទេស​ឡាវ និង​ទំនប់​ចំនួន ១១ នៅ​ប្រទេស​ចិន​។

​គណៈកម្មការ​ទន្លេមេគង្គ​ បាន​បញ្ជាក់ទៀតថា ចាប់ពីពេលនេះ​ទៅ ពេលវេលា​នៃ​លំហូរ​បញ្ច្រាស​ទឹក​ទន្លេសាប​ទំនងជា​នឹងមិន​ដូច​កាលពីមុន​ទៀត​ទេ​។​ បន្ទាប់ពីប្រទេស​ឡាវ​និង​ចិន ​និយាយថា ទំនប់​ទាំងនេះ​នាំមក​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច​សំខាន់ៗ​ហើយ​វា​គ្រប់គ្រង​លំហូរ​ទឹក ជួយ​ការពារ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​។

​សូមជម្រាបថា ខណៈ​វីរុស​កូ​រ៉ូ​ណា​ផ្ទុះឡើង បានរារាំង​អ្នកដំណើរ​អន្តរជាតិ​ទាំងនោះ ធ្វើឲ្យអ្នកភូមិ​កំពង់​ឃ្លាំង គ្មាន​សង្ឃឹមថា អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក​ធ្វើដំណើរ​តាម​ទូក​នៅ​ភូមិ​កំពង់​ឃ្លាំង​ទេ ដែលជា​ធម្មតា​មាន​អ្នកដំណើរ​៦០០​នាក់​ក្នុង​មួយថ្ងៃ​។​ ហើយទូក​ទេសចរណ៍​ប្រហែល ១៣០ គ្រឿង​ត្រូវ​ម្ចាស់​ទុកចោល​នៅក្បែរ​ការិយាល័យ​ទេសចរណ៍ ដែល​គេ​ចាក់សោរ​ចោល​និង​មាន​ស្មៅ​ដុះ​ព័ទ្ធជុំវិញ​។

​ចំណែកលោក លី សំអាត ម្ចាស់​ទូក​ទេសចរណ៍​ ក៏បានឲ្យដឹងដែរថា បច្ចុប្បន្នប្រជាជន​កំពង់​ឃ្លាំង ​គឺជា​អ្នកនេសាទ ដែល​គ្មាន​ត្រី​សម្រាប់​នេសាទ និង​គ្មាន​ការងារ​កសិកម្ម​សម្រាប់​ធ្វើ​ទេ​ ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print