ប្រទេសហ្វីលីពីន គឺជា​ប្រទេស​ដែល​គ្រោះថ្នាក់​បំផុត​ក្នុង​តំបន់​អាស៊ី​សម្រាប់​អ្នកការពារ​ដីធ្លី និង​សកម្មជន​បរិស្ថាន

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាម​របាយការណ៍​រប​ស់​អង្គការ Global Witness បានបញ្ជាក់នៅ​ថ្ងៃទី ២៩ ខែកក្កដា​ ឆ្នាំ២០២០ថា៖ សកម្មជន​ដីធ្លី និង​សកម្មជន​បរិស្ថាន នៅប្រទេសហ្វីលីពីន សរុប​៤៣​នាក់​ ត្រូវបាន​សម្លាប់​ក្នុងប្រទេស​មួយនេះ កាលពី​ឆ្នាំ​២០១៩​ ។ មិនតែប៉ុណ្ណោះ ហ្វីលីពីនគឺជា​ប្រទេស​ដែល​គ្រោះថ្នាក់​បំផុត​ក្នុង​តំបន់​អាស៊ី​សម្រាប់​អ្នកការពារ​ដីធ្លី និង​សកម្មជន​បរិស្ថាន ​។

របាយការណ៍​របស់ Global Witness បានសរសេរ​ទៀតថា៖ ជិត​៥០​ភាគរយ​នៃ​អ្នក​ដែល​ត្រូវបាន​គេ​សម្លាប់ ជា​ប្រជាជន​រស់នៅក្នុង​កោះMindanao ទីកន្លែង​ដែល​កងទ័ព​ហ្វីលីពីន​មាន​វត្តមាន​ជា​យូរ​មកហើយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​ឥស្លាម និង​ពួក​កុម្មុយនីស្ត​។ ម្យ៉ាងកោះ​នេះ បាន​ស្ថិតក្រោម​ច្បាប់អាជ្ញាសឹក រហូតដល់​ចុងឆ្នាំ​២០១៩​។

របាយការណ៍​ដដែល សរសេរ​ទៀតថា ក្រុមសកម្មជន​រស់នៅក្នុង​កោះ Mindanao និង Negro បូក​បញ្ចូល​គ្នា​ស្មើនឹង​ជិត ៩០​ភាគរយ​នៃ​សកម្មជន​ដីធ្លី និង​បរិស្ថាន ដែល​ត្រូវបាន​សម្លាប់​ក្នុងប្រទេស​ហ្វីលីពីន កាលពី​ឆ្នាំ​២០១៩ ។

​ដោយឡែកក្រុម​អ្នកការពារ​បរិស្ថាន​មួយចំនួនធំ​ទៀត ក៏ត្រូវ​បានសម្លាប់​ក្នុង​កោះ Negros ដែលជា​កោះ​ផលិត​ស្ករស​ធំ​បំផុត​នៅ​ហ្វីលីពីន​។ទីតាំង​នេះ ក៏​ហ៊ុមព័ទ្ធ​ដោយ​កងទ័ព ហើយក៏​ជាទី​ដែល​ពួក​សកម្មជន​តវ៉ា​ដើម្បី​ឈានទៅ​កាន់​កំណែទម្រង់​ដីធ្លី ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​វិសមភាព​។

ក្នុងចំណោម​នោះ ក៏មាន​មេដឹកនាំ​កុល​ស​ម័​ន្ធ​ជនជាតិភាគតិច Manobo លើ​កោះ Mindanao ឈ្មោះថា Kaylo Bontolan ដែល​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​ពី​ទ័ពអាកាស​ហ្វីលីពីន ក្នុង​ខែមេសា ឆ្នាំ​២០១៩​។ ពោលគឺ​នៅពេល​លោក​បាន​ត្រលប់មក​ផ្ទះ​លើ​ភ្នំ​លោក​វិញ ដើម្បី​ជួយ​ប្រមែប្រមូល​ឯកសារ​ដែល​ពួកយោធា​ប្រើ​អំពើហិង្សា​ដាក់​សមាជិក​កុលសម្ព័ន្ធ​លោក​។

​គួរបញ្ជាក់ថា ជនរងគ្រោះ ភាគច្រើន គឺជាមេដឹកនាំ​ជនជាតិភាគតិច ប្រជាកសិករ និង​បុគ្គលិក​រដ្ឋ ដែល​ទទួលបន្ទុក​ការពារ​បរិស្ថាន ។ បើតាម​របាយការណ៍​អង្គការ Global Witness ជាង​ពាក់កណ្ដាល​នៃ​អ្នក​បាត់បង់​ជីវិត គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ក​សិ​វប្បកម្ម ហើយ​ការសម្លាប់​១៦​ករណី​ទៀត​គឺ​ទាក់ទង​នឹង​អាជីវកម្ម​ជីក​រ៉ែ​។ នេះ​ជា​តួលេខ​ខ្ពស់បំផុត​លើ​ពិភពលោក​។​

​បច្ចុប្បន្នអង្គការ Global Witness រកឃើញ​ទៀតថា សកម្មជន​សរុប ១១៩​នាក់ ត្រូវបាន​សម្លាប់ អំឡុងពេល​៣​ឆ្នាំក្រោយ​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ឡើងកាន់​អំណាច ។ តួលេខ​នេះ គឺ​កើន​ជិត​២​ដង បើ​ធៀប​នឹង​៣​ឆ្នាំ​មុនពេល​លោក​កាន់អំណាច​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print