រដ្ឋមន្ត្រី​ការទូត​ម៉ាឡេស៊ី និង​ហ្វីលីពីន ទាស់សម្តី​គ្នា​ជុំវិញ​ការទាមទារ​ទឹកដី​រដ្ឋ​សា​បា

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសហ្វីលីពីន ប្រតិកម្មទៅនឹងស្ថានទូតអាមេរិកដែលបានសរសេរថា រដ្ឋសាបា គឺជារបស់ម៉ាឡេស៊ី ប៉ុន្តែការអះអាងរបស់ហ្វីលីពីនថា រដ្ឋសាបា គឺជារបស់ហ្វីលីពីន រហូតធ្វើឲ្យរដ្ឋមន្ត្រីការទូតម៉ាឡេស៊ី និងហ្វីលីពីន បានទាស់សម្តីគ្នាជុំវិញការទាមទារទឹកដីរដ្ឋសាបារបស់ម៉ាឡេស៊ី

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin បានសរសេរនៅលើបណ្តសង្គម Twitter នៅថ្ងៃទី២៧ ខែកក្កដា ថ្មីៗនេះ ដោយអះអាងថា រដ្ឋសាបា មិនមែនស្ថិតក្នុងម៉ាឡេស៊ីទេ ប្រសិនបើចង់ធ្វើអ្វីមួយ ត្រូវមកធ្វើជាមួយហ្វីលីពីន ក្នុងសំណេររបស់ប្រមុខការទូតហ្វីលីពីន ជាការឆ្លើយតបទៅនឹងស្ថានទូតអាមេរិក ដែលបានសរសេរនៅលើការផ្តល់សម្ភាររក្សាអនាម័យទៅឲ្យប្រជាជនហ្វីលីពីន ដែលជម្លៀសពីរដ្ឋសាបារបស់ម៉ាឡេស៊ី ទៅហ្វីលីពីនវិញ

ដោយឡែករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammuddin Hussein បានសរសេរលើគណនី Twitter របស់ខ្លួនថា សំណេររបស់ប្រមុខការទូតហ្វីលីពីន គឺជាការមិនទទួលខុសត្រូវ និងធ្វើឲ្យប៉ះពាល់ទំនាក់ទំនងទ្វេភាគីរវាងម៉ាឡេស៊ី និងហ្វីលីពីន «​រដ្ឋសាបា គឺជា និងជាផ្នែកមួយរបស់ម៉ាឡេស៊ីរហូតទៅ​»​ លោក Hishammuddin បានលើកឡើងបែបនេះ ដោយបន្ថែមថា លោកនឹងកោះហៅអគ្គរដ្ឋទូតរបស់ហ្វីលីពីនមកជជែកគ្នាពីបញ្ហានេះ

យ៉ាងណាក៏ដោយ ហ្វីលីពីន មិនបានដកថយឡើយ បើតាមការអះអាងរបស់លោក Locsin សេចក្ដីថ្លែងការណ៍របស់លោក គឺជាការពិតតាមប្រវត្តិសាស្ត្រ ប្រមុខការទូតហ្វីលីពីន ថែមទាំងរិះគន់ម៉ាឡេស៊ីទៀតថា គ្មានប្រទេសណាមួយ អាចប្រាប់ប្រទេសមួយទៀត ថាអាចនិយាយបាន មិនបាន ជុំវិញរឿងដែលទាក់ទងនឹងសិទ្ធិរបស់គេឡើយ បន្ថែមពីលើនេះ ហ្វីលីពីន ក៏ប្រាប់ទៅម៉ាឡេស៊ីវិញថា ខ្លួននឹងកោះហៅអគ្គរដ្ឋទូតម៉ាឡេស៊ី ដើម្បីមកជជែកពីបញ្ហានេះដែរ

គួរបញ្ជាក់ថា ការទារទារទឹកដីសាបា ជាទំនាស់យូរឆ្នាំរវាងសមាជិកអាស៊ានទាំងពីរ ប្រមាណជា៣០០ឆ្នាំមុន រដ្ឋសាបា ត្រូវបានគ្រប់គ្រងដោយរដ្ឋ Sulu ដែលស្ថិតនៅភាគខាងត្បូងរបស់ហ្វីលីពីន នៅក្នុងឆ្នាំ១៨៧៩ ស្តេចស៊ុតង់របស់ Sulu បានចុះហត្ថលេខាប្រគល់រដ្ឋមួយនេះឲ្យអង់គ្លេស ហ្វីលីពីន បានអះអាងថា កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងជួល ជាជាងប្រគល់ទឹកដីឲ្យអង់គ្លេស ក្រោយមក រដ្ឋសាបា បានចូលជាសហព័ន្ធម៉ាឡេស៊ីនៅឆ្នាំ ១៩៦៣  នេះបើតាមការចុះផ្សាយរបស់របស់សារព័ត៌មាន Straits Times​

បន្ទាប់ពីសាបាបានក្លាយជារបស់ម៉ាឡេស៊ី រដ្ឋ​Sulu​ក៏បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហ្វីលីពីនដែរ ម្យ៉ាងម៉ាឡេស៊ី ក៏នៅតែបន្តបង់ប្រាក់មកឲ្យរដ្ឋ​Sulu ជាង១០០០ដុល្លារក្នុងឆ្នាំដែរ ដោយផ្អែកទៅតាមកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ

សូមជម្រាបថា នៅក្នុងឆ្នាំ២០១៣ ប្រជាជនហ្វីលីពីន ដែលតាំងខ្លួនជាអ្នកជំនាន់ក្រោយរបស់រដ្ឋ Sulu ទាមទារយករដ្ឋសាបាមកវិញ ដែលបង្កឲ្យមានការប៉ះទង្គិចជាមួយប៉ូលីសម៉ាឡេស៊ី រហូតមានអ្នកស្លាប់ជាច្រើននាក់ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print