ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកក្រគរ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងដកហូតអាវុធកែច្នៃ និងមធ្យោបាយធ្វើដំណើរម៉ូតូ ២គ្រឿង ។
មន្រ្តីនគរបាលស្រុកក្រគរ បានឲ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យរួមទាំងអាវុធកែច្នៃខាងលើ ធ្វើឡើងពាក់កណ្ដាលអធ្រាត្រថ្ងៃសុក្រ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតនៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
មន្រ្តីដដែលបន្តថា ជនសង្ស័យទាំង៤នាក់ សុទ្ធតែជាមុខសញ្ញាផងដែរទី១ ឈ្មោះ ផន ជា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះភឿង ប៊ុនលី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទី៣ ឈ្មោះ គឹម សំណាង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ និងទី៤ ឈ្មោះ សេងសុវណ្ណរ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ បច្ចុប្បន្ន អ្នកទាំងចំនួន ៤នាក់ រស់នៅភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ កាំភ្លើងកែច្នៃ(ខ្យលល) និងមធ្យោបាយធ្វើដំណើរម៉ូតូផងដែរ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារៈ រាយការណ៍ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីនាំយកទៅអធិការដ្ឋាននគរបាលស្រុកក្រគរ បន្តនីតិវិធី ៕ ដោយ៖បុឹម ពិន