ខេត្តកណ្ដាល៖ គ្រោងឆ្អឹងមនុស្សត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងព្រៃឬស្សីមួយកន្លែង ដែលមានចម្ងាយប្រមាណ១៥០ម៉ែត្រពីផ្លូវលំ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០១៦ ។
ក្រោយពីមានហេតុការណ៏កើតឡើង សមត្ថកិច្ចនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ដ្រនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយនគរបាលស្រុកកណ្ដាលស្ទឹងចុះទៅពីនិត្យកោសល្យវិច្ច័យនៅកន្លែងកើតហេតុ ។ សមត្ថកិច្ចដាក់ការសន្និដ្ឋានថា ជាករណីឃាតកម្មសម្លាប់ប្លប់យកម៉ូតូ ។
គ្រោងឆ្អឹងមនុស្សដែលគេប្រទះឃើញនេះត្រូវបានសមត្ថកិច្ចអះអាងថា ជាគ្រោងឆ្អឹងរបស់ជនរងគ្រោះម្នាក់ដែលបានបាត់ខ្លួនចេញពីផ្ទះកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ ជនរងគ្រោះឈ្មោះ សេង ប៊ុនលី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាកសិករ មានទីលំនៅភូមិកុកទឹល ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ។ មុនពេលជនរងគ្រោះបាត់ខ្លួនចេញពីផ្ទះក្រុមគ្រួសារបានឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CY-4497 ។
ពេលដែលជនរងគ្រោះជិះម៉ូតូចេញពីផ្ទះបានប្រាប់ក្រុមគ្រួសារថា ទៅលេងបុណ្យអុំទូកនៅឯរាជធានីភ្នំពេញ ក្រោយមកស្រាប់តែបាត់ជនរងគ្រោះរហូតមិនឃើញត្រឡប់ទៅផ្ទះ ទោះបីជាក្រុមគ្រួសារតាមរកយ៉ាងណាក៏នៅតែមិនឃើញ ។ លុះមកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ស្រាប់តែមានប្រជាពលរដ្ឋបានប្រទះឃើញគ្រោងឆ្អឹងនៅក្នុងព្រៃឬស្សី ជាហេតុធ្វើឲ្យក្រុមគ្រួសារក៏ដូចជាសមត្ថកិច្ចនគរបាលដាក់ការសន្និដ្ឋានថា ជាគ្រោងឆ្អឹងរបស់ជនរងគ្រោះដែលបានបាត់ខ្លួនកាលពីខែវិច្ឆិកាកន្លងទៅ ។
នគរបាលជំនាញបច្ចេកទេសនិងវិទ្យាសាស្ដ្របានបញ្ជាក់ថា នៅកន្លែងកើតហេតុបានបន្សល់គ្រោងឆ្អឹងនិងលលាដ៏ក្បាលដែលមានស្នាមប្រេះជា៣ មានក្រណាត់ត្រេអីប្រវែង៨០សង្ទីម៉ែត្រ រុំជារង្វង់២ជុំ ខ្សែក្រវ៉ាត់ក្បាលដែកប្រវែង៧០សង្ទីម៉ែត្រ អាវពណ៌ខ្មៅឆ្នូតដៃវែង ខោខៅប៊យពណ៌ទឹកប៊ិចជើងវែង ។ ជនរងគ្រោះត្រូវបានជនមិនស្គាល់អត្ដសញ្ញាណវាយដោយវត្ថុរឹងចំក្បាលបណ្ដាលឲ្យប្រេះលលាដ៏ក្បាលរួចដឹកយកមកបោះចូលក្នុងព្រៃឬស្សី ប្លន់យកម៉ូតូរបស់់ជនរងគ្រោះ ។ គ្រោងឆ្អឹងត្រូវបានក្រុមគ្រួសារសុំសមត្ថកិច្ចយកទៅធ្វើបុណ្យតាមប្រពៃណីបន្ទាប់ពីពិនិត្យមើលភិនភាគ (សម្លៀកបំពាក់) ដឹងថាជាសមាជិកគ្រួសាររបស់ខ្លួន ៕
ដោយ៖ ស្អាងជ័យ