ភ្នំពេញ៖ ក្មេងទំនើង២ក្រុមដែល ជាសិស្សវិទ្យាល័យវត្ដភ្នំបានធ្វើសកម្ម ភាពដេញកាប់ចាក់គ្នាបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈបង្កការប៉ះពាល់ដល់សង្គមនោះត្រូវបានកម្លាំង នគរបាលប៉ុស្ដិ៍ផ្សារថ្មី២ចុះបង្ក្រាបបាន ២នាក់ភ្លាមៗខណៈដែលពួកគេកំពុងដេញ កាប់គ្នាជាក់ស្ដែង ។
ករណីក្មេងទំនើងដេញកាប់គ្នាដូចខ្សែភាពយន្ដនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៦ នៅចំណុចផ្លូវព្រះមុនីវង្សកែង ផ្លូវលេខ២១៧ ក្នុងភូមិ៧ សង្កាត់ផ្សារ ថ្មី២ ខណ្ឌដូនពេញ ។
ក្រុមក្មេងទំនើងទាំង២នាក់ដែល សមត្ថកិច្ចឃាត់ខ្លួននោះទី១-ឈ្មោះសេង សុភ័ក្ដ្រា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស សាលាវត្ដភ្នំ ស្នាក់នៅផ្ទះលេខ៨៧E4 ផ្លូវលេខ១២៦ សង្កាត់ថ្មី២ ខណ្ឌដូនពេញ និងទី២-ឈ្មោះ អិច ចក្រី ភេទប្រុស អាយុ១៨ឆ្នាំ រៀននៅសាលាជាមួយគ្នា ស្នាក់នៅផ្ទះជិតគ្នា និងដកហូតវត្ថុតាង ដាវ១ប្រវែង០,៧ម៉ែត្រនិងម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិចពណ៌សពាក់ស្លាក លេខភ្នំពេញ1CK-3083 ។
តាមប្រភពព័ត៌មានពីមន្ដ្រីនគរបាលប៉ុស្ដិ៍ផ្សារថ្មីទី២បានឱ្យដឹងថា នៅមុន ពេលកើតហេតុឈ្មោះ អិច ចក្រី ដែល ជាក្មេងទំនើងទី២នោះបានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិចដឹកប្អូនស្រីម្នាក់ ចេញពីផ្ទះទៅរកទិញនំនៅម្ដុំផ្សារឌុយ ម៉ិច តែរកទិញមិនបានក៏បើកម៉ូតូឌុប ប្អូនស្រីមករកទិញនៅផ្សារតាប៉ាងវិញ លុះជិះមកដល់ផ្លូវលេខ១៣៦កែងផ្លូវលេខ៥១ស្រាប់តែជួបនឹងក្មេងទំនើងមួយក្រុមទៀតមានគ្នា២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាប្រើប៊ិចធុនសេ១១០ ពណ៌ខ្មៅ បានមកធ្វើសកម្មភាពវាយតប់លើឈ្មោះ អិច ចក្រី ពេលនោះឈ្មោះ ចក្រី បាន ត្រឡប់ទៅផ្ទះវិញដោយទៅដឹកមិត្ដភក្ដិម្នាក់ទៀតឈ្មោះ សេង សុភ័ត្ដ្រា ហើយ បានជិះម៉ូតូដើររកក្រុមជនបង្កដែលវាយតប់មកលើខ្លួននោះរហូតបានជួបគ្នានៅចំណុចកើតហេតុក៏បើកឆាកប្រយុទ្ធ ដេញកាប់គ្នាប្រសាចបង្កឱ្យមានភាព អនាធិបតេយ្យទើបកម្លាំងនគរបាលប៉ុស្ដិ៍ផ្សារថ្មី២នៅក្បែរនោះនាំគ្នាចុះបង្ក្រាប ភ្លាមៗដោយចាប់បាន២នាក់និងដកហូតបានវត្ថុតាងជាក់ស្ដែងដាវសាមូរ៉ៃមួយ ដើមផងដែរ ។
បច្ចុប្បន្នក្មេងទំនើងទាំង២នាក់នេះ ត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
ដោយ៖ ស ដារ៉ា