ភ្នំពេញ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ នេះ បានឃាត់ខ្លួនឃាតកសម្លាប់មនុស្ស២នាក់បានហើយ ហើយឃាតករបានប្រាប់ថាខ្លួនខឹងរឿងសហាយស្មន់ជាមួយប្រពន្ធខ្លួន ។
សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តរតនគិរី ខេត្តត្បូងឃ្មុំ និង កម្លាំងនគរបាលខេត្ដក្រចេះ រហូតឈានដល់ការចាប់ខ្លួនឃាតកបាន នៅចំណុចជាំភឹង ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
សមត្ថកិច្ចបង្ហើបប្រាប់ថា ជនដៃដល់ដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ សេត លី បានសារភាពថា ជនរងគ្រោះទាំងពីរនាក់ (បងថ្លៃនិងប្អូនថ្លៃ) ដែលខ្លួនចាក់សម្លាប់ មានម្នាក់ជាសហាយស្មន់ប្រពន្ធរបស់ខ្លួន ដោយនៅថ្ងៃកើតហេតុ ខ្លួនបានឃើញប្រពន្ធ និងជនរងគ្រោះកំពុងដេកជាមួយគ្នា ។
ជនរងគ្រោះទី១ ឈ្មោះ បាក់ ណាន (សហាយជាមួយប្រពន្ធជនដៃដល់) និង ទី២ ឈ្មោះ គឹម សារឿន (ជាបងថ្លៃឈ្មោះ បាក់ ណាន)។
សូមបញ្ជាក់ថា អំពើឃាតកម្មនេះគឺបានកើតឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ នៅចំណុចក្នុងក្រុមហ៊ុនហ័ងអាន់យ៉ាឡាយចម្ការចេក ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ។
បើតាមចម្លើយសារភាព ដោយចិត្តខឹងទ្រាំមិនបានប្រហែលម៉ោង៨យប់ថ្ងៃកើតហេតុពេលជនរងគ្រោះនិងបងថ្លៃកំពុងដើរឆ្លុះកង្កែប ខ្លួនបានជិះម៉ូតូទៅកាក់ពីមុខដើម្បីសួរនាំ ហើយក៏ដកកាំបិតចាក់ចំបំពង់កតែម្ដង។ ពេលនោះបងថ្លៃរបស់ជនរងគ្រោះឃើញក៏រត់គេច ប៉ុន្ដែខ្លួនក៏ស្ទុះទៅចាក់ និងអារ.កបន្ថែមទៀត រហូតស្លាប់ទាំងពីរនាក់នៅក្នុងថ្លុកឈាម ។ ក្រោយធ្វើសកម្មភាព ខ្លួនបានរត់ទៅស្រុកកំណើត នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នជនដៃដល់ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីប្រគល់បន្ដឲ្យស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕
ដោយ៖ចេស្ដា