ខេត្តកណ្តាល៖ ទីអារាមវត្តចតុទិសនេះបានកកើតឡើងតាំងពីសម័យលង្វែកមកម៉្លេះ។ ប៉ុន្តែអារាមនេះ ត្រូវបានរៀបចំកសាងឡើងវិញ ក្នុងរាជ្យព្រះបាទអង្គឌួង ក្រោមរាជកិច្ចចាត់ចែងដោយសម្តេចព្រះវររាជិនី ប៉ែន នៅក្នុងរវាង ព.ស២៣៩២ ត្រូវនឹងគ.ស១៨៤៨។ អារាមនេះ គឺជាអារាមធំរបស់សម្តេចសង្ឃរាជាគណៈមហានិកាយ ជាគូនឹងអារាមវត្តវាំងចាស់ ដែលជាអារាមធំរបស់សម្តេចសង្ឃរាជគណៈធម្មយុត្តិ ក្នុងរជ្ជកាលព្រះបាទអង្គឌួង។
ព្រះវិហារដ៏ប្រណីតនេះ រងគ្រោះដោយការទម្លាក់គ្រាប់បែកនៅសម័យលន់ នល់ និងត្រូវបានពួកខ្មែរក្រហមវាយកម្ទេចឱ្យរាបដល់ដី កាលពីក្នុងអំឡុងឆ្នាំ១៩៧៧ ។ នៅជ្រុងទាំងបួននៃព្រះវិហារចាស់ មានចេតិយធំៗចំនួនបួន ដែលនៅបាតក្រោមនៃចេតិយបី ក្នុងចំណោមចេតិយទាំងបួន មានកប់បញ្ចុះនូវរតនសម្បត្តិមានតម្លៃដ៏មហាសាលរបស់ព្រះរាជាខ្មែរ។ដោយហេតុនេះហើយ បានជាក្រោយពេលដែលពួកឈ្លបខ្មែរក្រហមវាយកម្ទេចព្រះវិហារឱ្យរាបដល់ដីទៅ ពួកគេក៏វាយកម្ទេចចេតិយទាំងបួនទៀតដើម្បីគាស់កកាយ ប្រមូលយករតនសម្បត្តិរបស់អតីតព្រះរាជាខ្មែរ ដែលតាមការរៀបរាប់រួមមាន ដាវមាស, ស្បែកជើងមាស, កងដៃ-កងជើងមាសធំៗ (ជាមាសផ្កាកប្បាសទឹក៦) ព្រមទាំងគ្រឿងអលង្ការធ្វើពីត្បូងថ្មមានតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ មានចំនួន ៤កញ្ឆេរធំៗ ដែលមួយកញ្ឆេរៗ ពួកឈ្លបសែងគ្នាបួននាក់ឡើងញ័រសក់ក្បាល…។ ក្នុងពេលពួកឈ្លបគាស់កកាយរតនសម្បត្តិបានហើយ គាត់បានឃើញពួកវាហូតដាវមាសចេញពីស្រោមមកគ្រវីកាប់គ្នាលេង ព្រមទាំងយកស្បែកជើងមាស មានរាង-ងៗ យកមកបោះចុះបោះឡើងលេង មុននឹងពួកវាសែងយកចេញពីទីនេះ…។រីឯនៅទីវាលប៉ែកខាងត្បូងព្រះវិហារ ពួកខ្មែរក្រហមបានប្រើស៊ីម៉ងត៍ចាក់សាបធ្វើជាទីលានបោកស្រូវ, បញ្ជាន់ស្រូវ, និងហាលស្រូវ ដែលទីលាននេះ បានបន្សល់ទុកគ្រឹះស៊ីម៉ងត៍ រហូតមកដល់បច្ចុប្បន្ន។នេះបើតាមការរៀបរាប់របស់ប្រជាជនក្នុងតំបន់នេះ។
ក្រោយមកមានការកសាងព្រះវិហារវត្តចតុទិសសាជាថ្មីឡើងវិញនៅដើមទសវត្សរ៍ឆ្នាំ២០០០(តែពុំបានស្អាតដូចពីដើមទេដោយសារខ្វះជំនាញ និងគំរូដើម) មានរាស្រ្តក្នុងភូមិមួយគ្រួសារដែលជាប់ខ្សែស្រឡាយរាជវង្សពីអតីតកាលបានសម្រេចកសាងចេតិយមួយឡើងវិញ នៅជ្រុងខាងលិចប៉ែកខាងជើង ដំណាលគ្នានឹងការកសាងព្រះវិហារនេះដែរ។ បើទោះជាមានការពន្យល់ហាមឃាត់មិនឱ្យកសាងចេតិយនេះជាថ្មីឡើងវិញនៅលើខឿនព្រះវិហារក៏ដោយ (អ្នកភូមិមានជំនឿថា បើមានឋានៈត្រឹមរាស្រ្ត រួចចង់កសាងចេតិយនៅលើខឿនព្រះវិហារនោះនឹងនាំមកនូវអពមង្គលដល់ខ្លួន) ក៏អ្នកភូមិមួយគ្រួសារនោះនៅតែជម្នះកសាងឱ្យទាល់តែហើយរួចរាល់ជាស្ថាពរ នូវចេតិយមួយដែលមានរូបរាង ទំហំ និងកម្ពស់គឺដូចគ្នាបេះបិទទៅនឹងចេតិយចាស់ ដែលត្រូវបានបំផ្លាញចោលដោយពួកឈ្លបខ្មែរក្រហម ៕
ប្រភព៖ទទក