ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីអំពាវនាវសុំឲ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ដោយជលយាន ភ្ញៀវទេសចរប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ហើយសូមផ្អាកការធ្វើដំណើរតាមផ្លូវទឹកក្នុងអំឡុងពេលនេះបើមិនមានការចាំបាច់ណាមួយ។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា សូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកលោកស្រី ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ និងបងប្អូនប្រជានេសាទទាំងអស់មេត្តាជ្រាបថា៖ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០សម្ពាធទាបសកម្មមួយបានកើតឡើងនៅលើសមុទ្រចិនខាងត្បូង ហើយបានវិវត្តទៅជាវិសម្ពាធទាប (Tropical Depression)។ វិសម្ពាធទាបនេះបានបង្កើនឥទ្ធិពលជាបន្តបន្ទាប់ទៅជាព្យុះទី៣ ឈ្មោះ ស៊ីនឡាគូ_(SINLAKU) ហើយបានបោកបក់មកកាន់តំបន់ភ្នំ និងឆ្នេរសមុទ្រកម្ពុជា បណ្តាលឱ្យមានភ្លៀងធ្លាក់ច្រើន និងខ្យល់បក់បោកខ្លាំង។
ចំពោះស្ថានភាពអាកាសធាតុនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ច្រើនប្រឈមនឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។ ដូច្នេះដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុដោយឡែកចំពោះអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់តាមដានស្ថានភាពទូទៅ ជួយផ្សព្វផ្សាយ អប់រំណែនាំដល់ប្រជាពលរដ្ឋ និងត្រៀមអន្តរាគមន៍ជួយដោះស្រាយបញ្ហានានាចំពោះមុខជាក់ស្តែង។
អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវទេសចរ បងប្អូនប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕ដោយ៖សហការី