ភ្នំពេញ៖ បុគ្គលិកមជ្ឈមណ្ឌលព័ត៌មាននគរវត្តបានអញ្ជើញមកពីតាមបណ្តាទាំង២៥រាជធានី ខេត្ត រួមជាមួយបុគ្គលិកការិយាល័យនិពន្ធ បច្ចេកទេស ក្រុមទីផ្សារ រោងពុម្ពបោះផ្សាយ បានមកចូលរួមក្នុងកម្មវិធីអបអរសាទរខួបនៃដំណើរការចេញផ្សាយរបស់ខ្លួន គម្រប់ឆ្នាំទី៦ ក្នុងបរិយាកាសដ៏សែនសប្បាយរីករាយ ប្រកបដោយភាពស្និទ្ធស្នាល ជាមួយនឹងថ្នាក់ដឹកនាំ នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងមជ្ឈមណ្ឌលព័ត៌មាននគរវត្ត ស្ថិតតាមផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ។
ថ្ងៃនេះជាឆ្នាំទី៦នៃដំណើរការចេញផ្សាយកាសែត ទស្សនាវដ្តី គេហទំព័រនគរវត្ត និងរោងពុម្ពព្រះនរាយណ៍ របស់មជ្ឈមណ្ឌលព័ត៌មាននគរវត្ត បន្ទាប់ពីអង្គភាពមួយនេះ បានទទួលនូវការគាំទ្រហួសពីការស្មានពីមជ្ឈដ្ឋានប្រិយមិត្តអ្នកអាន ក្នុង និងក្រៅប្រទេស ជាពិសេសក្រុមហ៊ុនដែលជាដៃគូផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈការវិវឌ្ឍ ព័ត៌មានជឿនលឿន ទាន់ហេតុការណ៍នូវព័ត៌មានជាតិ អន្តរជាតិ សង្គម កីឡា វប្បធម៌ អរិយធម៌ នយោបាយ កម្សាន្ត សុខភាព អប់រំ និងបច្ចេកវិទ្យាទំនើបៗ បំពេញតម្រូវការ ក៏ដូចជាចំណីចក្ខុរបស់ទស្សនិកជន ។
នៅក្នុងកម្មវិធីជួបជុំអបអរសាទររំលឹកខួបអនុស្សាវរីយ៍ នៃដំណើរការចេញផ្សាយកាសែត ទស្សនាវដ្តី គេហទំព័រនគរវត្ត រោងពុម្ពព្រះនរាយណ៍ ក៏មានកម្មវិធីទទួលភោជនាអាហារ រាំច្រៀងកម្សាន្តយ៉ាងអាធឹកអាធម ជាមួយនឹងការចូលរួមរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ៕
ដោយ៖ សុខ ខេមរា