ខេត្តឧត្តមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទបានសហការជាមួយជំនាញសង្កាត់រដ្ឋបាលព្រៃឈើ ប្រមាញ់តាមបង្ក្រាបបានរថយន្ដម៉ាកកាមរីឆ្លាមមួយគ្រឿង ដែលមានផ្ទុកឈើគ្រញូងចំនួន៤៥ដុំ ស្មើនឹង៤១២គឺឡូក្រាម កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ១៧៤ ក្នុងភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ ។
រថយន្ដផ្ទុកឈើគ្រញូងដែលសមត្ថកិច្ចបង្ក្រាបបានម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ ២p4867 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដោយសាតែជនសង្ស័យ រត់គេចខ្លួនបាត់ស្រមោល ។
បើតាមការឲ្យដឹងពីសមត្ថកិច្ចថា រថយន្ដដែលបង្ក្រាបបានប្រមូលនិងដឹកចេញពីតាមខ្សែបន្ទាត់ព្រំដែន នៃជើងភ្នំដងរែកដោយ ដឹកជញ្ជូនឆ្លងកាត់ទីរួមស្រុកត្រពាំងប្រាសាទឆ្ពោះចូលមកទីរួមស្រុកអន្លង់វែង តែត្រូវបានកំណត់មុខសញ្ញាដាក់ការតាមដានរួច សហការស្ថាប័នមានសមត្ថកិច្ចបង្ក្រាបបានភ្លាមៗតែម្ដង ។
រថយន្ដ និងវត្ថុតាងឈើគ្រញូងបានប្រគល់អោយជំនាញសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ រក្សារទុក រីឯជនសង្ស័យដែលបានរត់គេចខ្លួនត្រូវបានសមត្ថកិច្ចដាក់ការតាមដានចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ។
គូរ បញ្ជាក់ផងដែរថា សព្វថ្ងៃនៅតំបន់ សមរភូមិមុខ ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ពលករឆ្លងដែននៅតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេងចូលទៅក្នុងទឹកដីថៃកាប់ឈើប្រណិតប្រភេទបេង នាងនួន និងឈើគ្រញូងជាដើម។ល។ ហើយពលករទាំងនោះត្រូវបានទាហានថៃបានបាញ់សម្លាប់ និងចាប់ខ្លួនជាញឹកញាប់ផងដែរ ខណៈដែលពលករកំពុងធ្វើសកម្មភាពកាត់ អារ និងស្ពាយឈើនៅលើទឹកដីរបស់ថៃ ៕
ដោយ៖ ប៉ែន នួន