អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី លោក Lim Guan Eng ត្រូវបាន​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ចាប់​ឃាត់ខ្លួន​

ចែករំលែក៖

អន្តរជាតិ៖ ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ កាលពីយប់​ថ្ងៃទី ៦ ខែសីហាម្សិលមិញនេះ បានចាប់ឃាត់ខ្លួន លោក Lim Guan Eng អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី ក្រោយ​មានការ​ស៊ើបអង្កេត​ច្រើន​សប្តាហ៍​ លើ​គម្រោង​ផ្លូវ​ក្រោម​សមុទ្រដែលមាន​តម្លៃ ១,៥​ពាន់​លាន​ដុល្លារ​។ ដោយគម្រោង​នេះ ត្រូវបាន​ផ្ដល់​ភ្លើង​បៃតង​អំឡុង​អាណត្តិ​ដឹកនាំ​លោក​ជា​ប្រមុខ​រដ្ឋាភិបាល​ប្រចាំ​រដ្ឋ​សហព័ន្ធ Penang ។

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន គណៈកម្មការ​​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី (MACC) បាន​អះអាងថា លោក Lim អតីតរដ្ឋមន្ត្រី​រូបនេះ រូវបាន​ចាប់​ឃាត់ខ្លួន​ភ្លាមៗ ក្រោយ​លោក​បាន​ទៅដល់​ទីស្នាក់ការ​កណ្ដាល​នៃ​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី (MACC) សម្រាប់​ការសាកសួរ​។ ហើយលោក នឹង​ប្រឈម​បទ​ចោទ​ចំនួន​២​ពាក់ព័ន្ធ​គម្រោង​ផ្លូវ​ក្រោម​សមុទ្រ​។ ហើយ​លោក​ក៏​នឹងរង​ការចោទប្រកាន់​ពីបទ​ល្មើស​ផ្សេងទៀត​នៅ​តុលាការ Penang នា​សប្តាហ៍​ក្រោយ​ផងដែរ​។

​បើតាមសារព័ត៌មាន​សិង្ហ​បុរី Straits Times ដែល​ដកស្រង់​ចុះផ្សាយ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើថា៖ លោក Lim ដែល​ក៏​ជា​អគ្គលេខាធិការ​បក្ស​សក​ម្ម​ភាព​ប្រជាធិបតេយ្យ (DAP) ផង​នោះ នឹងត្រូវ​ចោទប្រកាន់​ជាមួយ​បទ​ប្រព្រឹត្ត​អំពើពុករលួយ និង​រំលោភ​អំណាច​ពាក់ព័ន្ធ​គម្រោង​ខាងលើ ហើយ​បទ​រំលោភ​អំណាច​ដាច់ដោយឡែក​មួយ​ករណី​ទៀត​។

​ដោយឡែកបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Lim ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ នៅ​ថ្ងៃទីខែសីហា ។  អ្នកនយោបាយ​វ័យ​៥៩​ឆ្នាំ ដែល​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​រូបនេះ ប្រឈម​ជាប់គុក​រហូតដល់ ២០​ឆ្នាំ សម្រាប់​បទ​ចោទ​នីមួយៗ ប្រសិនបើ​រកឃើញ​ទោសកំហុស​មែន​នោះ​។

​សូមជម្រាបថា គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី បាន​ស៊ើបអង្កេត​ផែនការ​ផ្លូវ​រូង​ក្រោម​សមុទ្រ​នេះ​ជិត​៣​ឆ្នាំ​មកហើយ តែ​ការស៊ើបអង្កេត​ហាក់​នៅ​ទ្រឹង​ក្រោយ​ការចាប់ខ្លួន​អ្នកជំនួញ​និង​មន្ត្រី​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ខាងលើ​ក្នុង​ដើមឆ្នាំ​២០១៨​។យ៉ាងណាមិញ ការស៊ើបអង្កេត​ក្នុង​សំណុំរឿង​ពុករលួយ​នេះ ត្រូវបាន​មើលឃើញថា​មាន​សន្ទុះ​ឡើងវិញ ក្រោយ​ការដួលរលំ​របស់​រដ្ឋា​ភិ​បាល​ដឹកនាំ​ដោយ​សម្ព័ន្ធភាព Pakatan Harapan ដែល​ក្នុងនោះ​លោក Lim កាន់តំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ។ នា​ប៉ុន្មាន​សប្ដាហ៍​នេះគណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី បាន​សាកសួរ​អ្នកនយោបាយ​សំខាន់ៗ​មួយចំនួន​របស់​រដ្ឋ Penang ក្នុងនោះ​ក៏មាន​អ្នក​កាន់តំណែង​បន្ទាប់ពី​លោក Lim ជា​ប្រមុខ​រដ្ឋាភិបាល​ប្រចាំ​រដ្ឋ​សហព័ន្ធ Penang គឺ​លោក Chow Kon Yeow ផងដែរ ។

​យ៉ាងណាមិញ នេះ​ពុំមែន​ជា​លើកទីមួយ​ដែល​គណៈកម្មការ​នេះ​បាន​ចោទប្រកាន់​លោក Lim ពាក់ព័ន្ធ​សំណុំរឿង​ពុករលួយ​។ លោក​ធ្លាប់បាន​ប្រឈម​បទ​ចោទ​ពុករលួយ​ទាក់ទង​ការទិញ​ផ្ទះ​លំហែ​មួយ​ក្រោម​តម្លៃ​ទីផ្សារ ក្នុង​ឆ្នាំ​២០១៦​។ ក៏ប៉ុន្តែ​បទ​ចោទ​នេះ ត្រូវបាន​ទម្លាក់ចោល​វិញ​ក្នុង​ឆ្នាំ​២០១៨​ដោយ​អគ្គរាជអាជ្ញា នៅពេលនោះ លោក Tommy Thomas ពោលគឺ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក្រោយ​សម្ព័ន្ធភាព Pakatan Harapan បានឈ្នះ​ការបោះឆ្នោត​។

​គួរបញ្ជាក់ថា លោក Lim Guan Eng បាន​កាន់តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​ប្រចាំ​រដ្ឋ​សហព័ន្ធ Penang ចន្លោះ​ពី​ឆ្នាំ ២០០៨ និង​ឆ្នាំ​២០១៨ ។លោក​គឺជា​ថ្នាក់ដឹកនាំ​សំខាន់​មួយ​ក្នុង​រដ្ឋបាល​អតីត​នាយករដ្ឋមន្ត្រី​លោក​មហា​ធៀ មហាម៉ាត់ ដែល​ចូលរួម​ក្នុង​កិច្ចប្រឹងប្រែង​ស្រោង​ស្រង់​លុយរាប់​ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​លួច​ពី​មូលនិធិ​អភិវឌ្ឍន៍​ម៉ាឡេស៊ី (1MDB) ។

​​បើតាមសារព័ត៍មាន Straits Times បាននិយាយថា បច្ចុប្បន្ននេះ តាមការសិក្សា​បឋម​ស្តីពី​ការសាងសង់​ផ្លូវ​រូង​ក្រោម​សមុទ្រ​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​នេះ បានចាប់ផ្ដើម អំឡុង​រដ្ឋបាល​លោក​ក្នុង​ឆ្នាំ​២០១៦​។  ផ្លូវ​រូង​ក្រោម​សមុទ្រ​ប្រវែង​៧,២​គីឡូម៉ែត្រ​នេះ គ្រោង​ភ្ជាប់​ក្រុង George Town និង​ក្រុង Butterworth ហើយ​បាន​ស្ថិតក្នុង​ការសិក្សា​ដំណាក់កាល​ចុងក្រោយ កាលពី​ខែសីហា ឆ្នាំ​២០១៩​។ ផែនការ​ដ៏​មហិច្ឆតា​នេះរំពឹង​សម្រេច​រួចរាល់​នា​ឆ្នាំ​២០២៥​ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print