ទីបំផុត! សមាជិក​គណៈរដ្ឋមន្ត្រី​ថៃ​ថ្មី​៧​នាក់ ត្រូវបាន​បង្ហាញមុខ​ក្នុង​រាជកិច្ច​របស់​រាជវាំង​ថៃ

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីរដ្ឋាភិបាលប្រទេសថៃ ស្ងប់ស្ងាត់​ជិត​៣​សប្តាហ៍​ក្រោយ​តំណែង​សំខាន់ៗ​ ក្នុង​ជួរ​រដ្ឋាភិបាល​ត្រូវបាន​ទុក​ឲ្យ​នៅ​ទំនេរ​ក្រោយ​ការលាលែង​របស់មន្រ្តីជាន់ខ្ពស់ថៃជា​បន្តបន្ទាប់​នោះ ។ ពេលនេះសមាជិក​គណៈរដ្ឋមន្ត្រី​ថៃ​ថ្មី​៧​នាក់ ត្រូវបាន​បង្ហាញមុខ​ក្នុង​រាជកិច្ច​របស់​រាជវាំង​ថៃ នៅ​ថ្ងៃទី​៦ ខែសីហា​ ឆ្នាំ២០២០ ។

​តាម​ការចុះផ្សាយ​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ ក្នុងចំណោម​សមាជិក​គណៈរដ្ឋមន្ត្រី​ថៃ ​ដែល​ទើបត្រូវ​បានតែងតាំង​ថ្មី មាន​លោក Supattanapong Punmeechaow អតីត​នាយក​ប្រតិបត្តិ​និង​ប្រធាន​សហគ្រាស​ថាមពល​របស់​រដ្ឋ PTT Global Chemical ដែល​នឹង​កាន់តំណែង​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ថាមពល​ថៃ​។ សហគ្រាស PTT Global Chemical គឺ​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន​យក្ស PTT ដែល​ភាគហ៊ុន​៥១​ភាគរយ​កាន់កាប់​ដោយ​រដ្ឋាភិបាល​ថៃ​។

​កាសែត​បាងកក​ប៉ុស្តិ៍ថៃ បន្ថែមថា លោក Predee Daochao ដែល​ធ្លាប់​ធ្វើជា​សហប្រធាន​ធនាគារ Kasikorn Bank នឹង​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​។ ដោយអ្នក​ទាំងពីរ រំពឹងថា នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ក្រុមការងារ​សេដ្ឋកិច្ច​ថៃ​ថ្មី ដោយ​ជំនួស​ក្រុមការងារ​របស់​អតីត​ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak រួមមាន អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Uttama Savanayana និង​អតីតរដ្ឋមន្ត្រី​ថាមពល Sonthirat Sonthijirawong ដែល​លាលែង​ពី​កាលពី​ខែកក្កដា​។​

​សូមជម្រាបថា លោក Don Pramudwinai ក៏ត្រូវ​បានតែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​ថៃ​ថ្មី បន្ថែម​ពីលើ​តំណែង​រដ្ឋមន្ត្រីការបរទេស​ថៃ​។អគ្គលេខាធិការ​នៃ​បក្ស​កម្លាំង​ប្រជារាស្ត្រ (PPRP) នឹង​ក្លាយជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ការិយាល័យ​នាយករដ្ឋមន្ត្រី​។ រីឯ លោក Suchart Chomklin អនុប្រធាន​បក្ស PPRP នឹង​កាន់​តួនាទី​រដ្ឋមន្ត្រីក្រសួង​ការងារ ហើយ​អនុរដ្ឋមន្ត្រី​ថ្មី​របស់លោក គឺជា​អតីត​អ្នកនាំពាក្យ​រដ្ឋាភិបាលអ្នកស្រី Narumon Pinyosinwat ។​

​គួរបញ្ជាក់ថា បើទោះបីជា​បក្ស Palang Pracharath (PPRP) របស់លោក​ប្រា​យុទ្ធ គឺជា​អ្នកដឹកនាំ​ក្នុង​រដ្ឋាភិបាលចម្រុះ ដែល​ប្រមូលផ្ដុំ​បក្សនយោបាយ​ជាង​២០ តំណែង​រដ្ឋមន្ត្រីក្រសួង​ឧ​ត្ត​មសិ​ក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្តន៍ ត្រូវបាន​ប្រគល់​ឲ្យ​លោក Anek Laothamatas សមាជិក​ប្រតិបត្តិ​ម្នាក់​មកពី​បក្ស​សម្ព័ន្ធភាព​សកម្មភាព​សម្រាប់​ប្រទេស​ថៃ (ACTP) ។

​ជុំវិញករណីខាងលើនេះដែរកន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ធ្លាប់បាន​អះអាងថា ការរុះរើ​គណៈរដ្ឋមន្ត្រី​ថ្មី នឹងត្រូវ​ប្រកា​សនា​ពាក់កណ្ដាល​ខែសីហា តែ​ការប្រកាស​បានកើត​ឡើង​មុនពេល​កំណត់ ខណៈ​ប្រទេស​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ ត្រូវការ​កម្លាំង​ជំរុញ​សេដ្ឋកិច្ច​ទៅមុខ ក្រោយ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ COVID-19 ។

​ដោយឡែកសមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ ដែល​ត្រូវ​ទៅ​ស្បថ​ចូលកាន់​តំណែង​នៅមុខ​មហាក្សត្រ​ថៃ ប្រឈម​ការរំពឹង​ខ្ពស់​ពី​សំណាក់​ប្រជាជន​ថៃ ក៏ដូចជា​អ្នកជំនួញ​ពី​លទ្ធផល​ដឹកនាំ​របស់​ពួកគេ ពិសេស​ការ​ស្រោចស្រង់​សេដ្ឋកិច្ច​ឡើងវិញ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print