ខេត្តកំពត៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយ បានឆាបឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែង នៅខេត្តកំពត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយអន្តរគមន៍បាញ់ពន្លត់ទាន់ពេលវេលា មិនឆេះរាលដាលខ្លាំង និងមិនមានអ្នករងរបួសនោះទេ ។
បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅថ្ងៃទី៨ខែសីហា ឆ្នាំ២០២០ វេលាម៉ោងជាង៩ព្រឹក មានអគ្គិភ័យឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅតាមផ្លូវជាតិលេខ៣(កំពត–ភ្នំពេញ) នៅក្បែរស្ពានព្រះពន្លាហួសពីផ្លូវរថភ្លើងឆ្លងកាត់បន្តិច ក្នុងស្រុកទឹកឈូ ខេត្តកំពត ។
លោកស្នងការខេត្តបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗ លោកបនដឹកនាំកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងសមត្ថកិច្ចអជ្ញាធរពាក់ពន្ធ័ បានប្រើរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយបាញ់ពន្លត់ទៅវិញភ្លាមៗ ដោយមិនឲ្យឆេះរាលដាលធ្ងន់ធ្ងរនោះទេ ។
ក្រោយកើតហេតុ ភ្លើងបានរលត់នៅព្រឹកថ្ងៃដដែរ ដោយមិនមានមនុស្សរងគ្រោះថ្នាក់ទេ៕ដោយ៖សហការី