អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន ចាវ លីជៀន (Zhao Lijian) នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានប្រកាសជាថ្មីឲ្យទីក្រុងវ៉ាស៊ីនតោនឈប់អូសខ្លួនចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកខែវិច្ឆិកាខាងមុខ ព្រោះនេះជានយោបាយផ្ទៃក្នុងរបស់អាមេរិកខ្លួនឯងប៉ុណ្ណោះ។ លោក ចាវ បន្តថា ក្រោយមន្ត្រីប្រឆាំងចារកម្មអាមេរិក ព្រមានការជ្រៀតជ្រែករបស់ចិនមកក្នុងការបោះឆ្នោត ហើយចិនចង់ឲ្យលោក ដូណាល់ ត្រាំ ចាញ់តែម្ដង។
លោក ចាវ លីជៀន អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែសីហាម្សិលមិញនេះ និយាយថា ចិនមិនដែលបានកកូរកកាយការបោះឆ្នោតអាមេរិក ហើយក៏គ្មានប្រយោជន៍អ្វីដើម្បីធ្វើបែបនេះនៅថ្ងៃអនាគតដែរ។ លោក ចាវ ក៏ប្រកាសជាថ្មីឲ្យអាមេរិកឈប់ប្រើល្បិតអូសចិនឲ្យចូលក្នុងនយោបាយផ្ទៃក្នុងរបស់ខ្លួន ហើយក៏ឈប់ប្រើពាក្យអនាគតដើម្បីគាំទ្រអំណះអំណាងរបស់ខ្លួនដោយគ្មានព័ស្តុតាងអ្វីនោះ។
ដោយឡែកលោក William Evanina នាយកមជ្ឈមណ្ឌលប្រឆាំងចារកម្ម និងសន្តិសុខ ជាអ្នកចុចឈ្មោះចិន បូកទាំងរុស្ស៊ី និងអ៊ីរ៉ង់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដែលបានលើកឡើងពីការគំរាមរបស់ប្រទេសទាំងបីចូលការបោះឆ្នោតខែវិច្ឆិកា។ ការចោទនេះ មិនមែនជារឿងថ្មីឡើយ តែអាមេរិកមិនសូវបានបង្ហាញព័ស្តុតាងជាក់លាក់ពីចិនឡើយ។ ប៉ុន្តែចិន ក៏តែងបដិសេធការចោទប្រកាន់បែបនេះ ដោយចាត់ទុកការបោះឆ្នោតអាមេរិក ជាកិច្ចការផ្ទៃក្នុងរបស់អាមេរិកខ្លួនឯង។
លោក ចាវ នៅពេលត្រូវបានសួរពីសេចក្ដីថ្លែងការណ៍របស់លោក Evanina លោកក៏បាននិយាយថា៖ «ខ្ញុំត្រូវតែបញ្ជាក់ថា អ្នកនយោបាយអាមេរិកខ្លះតែងតែវាយតម្លៃអ្នកផ្សេងដោយស្តង់ដារបស់ខ្លួន ហើយតែងប្រើសម្មតិកម្ម ឬពាក្យអនាគតកាលដូចជា អាច ឬព្យាយាម ដើម្បីបង្ខូចចិនដោយគ្មានព័ស្តុតាង។» មន្ត្រីចិនដដែលបន្តថា មន្ត្រីអាមេរិកគួរធ្វើអ្វីដោយការទទួលខុសត្រូវ ហើយគិតគូរមុខមាត់ប្រទេសជាតិរបស់ខ្លួនផងដែរ។
សូមចម្រាបថា ជុំវិញរណីខាងលើនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ក៏ឆ្លៀតវាយបកទៅអាមេរិករឿងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនេះ ដោយហៅការលើកឡើងបែបនេះជាមិនសមហេតុសមផល។ ដោយលោក ចាវ សង្កត់ធ្ងន់ថា អាមេរិកទៅវិញទេ ដែលកកូរកកាយផ្ទៃក្នុងចិនមិនចេះឈប់ឈរនោះ។
គួរបញ្ជាក់ថា មន្ត្រីក្រសួងការបរទេសរូបនេះ ក៏បានប្រកាសជាចំហដែរថា គោលនយោបាយរបស់ប៉េកាំងទៅកាន់វ៉ាស៊ីនតោនមិនផ្លាស់ប្ដូរឡើយ។ នោះ គឺការប្ដេជ្ញាចិត្តមិនឲ្យមានជម្លោះ និងការប្រឈមមុខ ការគោរពគ្មានទៅវិញទៅមក ក៏ដូចជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះផងដែរ។ ព្រមគ្នានេះ ចិនក៏ការពារផលប្រយោជន៍របស់ខ្លួនមិនឲ្យបាត់បង់ដែរ៕ដោយ៖ស តារា