អន្តរជាតិ៖ បើតាមការចុះផ្សាយកាសែតហុងកុង South China Morning Post និយាយថា សេដ្ឋីឧស្សាហកម្មរ៉ែរបស់ចិនម្នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន ពាក់ព័ន្ធករណីកាន់កាប់ជំនួញជីករ៉ែធ្បូងថ្មខុសច្បាប់យ៉ាងបើកចំហ ក្នុងតំបន់ភ្នំអភិរក្សរបស់រដ្ឋាភិបាលចិន។ មិនតែប៉ុណ្ណោះ មន្ត្រីចិន៥នាក់ទៀត ក្នុងទីក្រុង Haixi ក៏ត្រូវបានដកហូតតំណែង និងដាក់ក្រោមការស៊ើបអង្កេតប្រឆាំងអំពើពុករលួយ។
កាសែតហុងកុង South China Morning Post និយាយទៀតថា អាជ្ញាធរចិនក្នុងខេត្ត Qinghai បានប្រកាសកាលពីថ្ងៃ៩ ខែសីហាថ្មីៗនេះថាលោក Ma Shaowei ជាម្ចាស់ក្រុមហ៊ុនជីករ៉ែ ឈ្មោះថា Xinqing ត្រូវបានឃាត់ខ្លួន ក្នុងខេត្តចិនភាគពាយព្យ ក្រោយព័ត៌មានមួយរបាយការណ៍ថា លោកជាជំនួញជីករ៉ែធ្បូងថ្មខុសច្បាប់ ។
ចំពោះការឃាត់ខ្លួនសេដ្ឋីចិនក្នុងឧស្សាកម្មរ៉ែនេះ បានធ្វើឡើងក្រោយសារព័ត៌មានចិន Economic Information Daily ដែលជាកាសែតសាខាជាមួយទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនរុករករ៉ែ Xinqing របស់លោក Ma រកចំណូលបានរហូតដល់២,១៥ពាន់លានដុល្លារ ក្នុងពេល១៤ឆ្នាំ ពីប្រតិបត្តិការជីកយករ៉ែធ្បូងថ្មខុសច្បាប់ក្នុងតំបន់ភ្នំ Qilian ។ ដោយយោងតាមការស៊ើបអង្កេតអស់ពេល២ឆ្នាំរបស់កាសែតចិនខាងលើ ក្រុមហ៊ុននេះ បានប្រតិបត្តិការខួងរ៉ែធ្បូងថ្ម ចាប់តាំងពី ឆ្នាំ២០០៦មក ដោយគ្មានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មឡើយ។
ដោយឡែកជុំវិញបញ្ហានេះដែរ អភិបាលរងនៃខេត្ត Qinghai លោក Li Jiexiang ក៏បានអះអាងថា ការស៊ើបអង្កេតបឋមរបស់អាជ្ញាធរ បានរកឃើញថា ក្រុមហ៊ុន Xinqing នេះបានប្រតិបត្តិការជីករ៉ែដោយខុសច្បាប់មែន។ លោកអភិបាលរង បន្ថែមថា បច្ចុប្បន្ន ក្រុមការងារចំនួន២មកពីក្របខណ្ឌប៉ូលីស និងទីភ្នាក់ងារប្រឆាំងអំពើពុករលួយ នឹងស៊ើបអង្កេតបន្តលើរឿងអាស្រូវខាងលើនេះ។
ទាក់ទិនបញ្ហានេះ បើយោងតាមភាពយន្តឯកសាររបស់ទូរទស្សន៍រដ្ឋចិន CCTV បានបញ្ជាក់ថា កិច្ចការពារបរិស្ថាន គឺជាអាទិភាពដ៏សំខាន់មួយរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ២០១២មក ហើយចន្លោះពីឆ្នាំ២០១៤ និងឆ្នាំ២០១៦ ប្រមុខរដ្ឋរូបនេះតែងចេញការណែនាំអំពីការអភិរក្សជួរភ្នំ Qilian ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ មន្ត្រីជាង១០០នាក់ រួមទាំងមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តរបស់ចិនផងនោះ ក៏ត្រូវបានដាក់ទោសសម្រាប់ការបរាជ័យអនុវត្តបញ្ជាទាំងនេះរបស់លោកប្រធានាធិបតី ។ មន្ត្រីជាន់ខ្ពស់រូបនោះ ចុងក្រោយ ត្រូវបានបណ្ដេញចេញពីបក្ស ហើយជាប់គុក១២ឆ្នាំសម្រាប់អំពើពុករលួយ។
ចំណែកក្នុងឆ្នាំ២០១៩ លោក ស៊ី ជិនភីង ក៏បានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងភ្នំនោះផងដែរ ដោយអះអាងថា ជួរភ្នំ Qilian គឺជាខែលដ៏សំខាន់សម្រាប់សន្តិសុខអេកូឡូស៊ី ក្នុងភាគខាងលិចប្រទេសចិន ហើយការអភិរក្សវា គឺជាសារសំខាន់ផ្នែកយុទ្ធសាស្ត្រដើម្បីការពារបរិស្ថានប្រទេស៕ដោយ៖ស តារា