អន្តរជាតិ៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានចេញលិខិតជូនទៅអាជ្ញាធរថ្នាក់មូលដ្ឋាន ក្នុងន័យបញ្ជាឱ្យអាជ្ញាធរទាំងនោះ បន្តជម្រាបប្រាប់ប្រជានេសាទខ្លួនថា៖ ចាត់ទុកបំរាមនេសាទរបស់ចិន ឥតបានការ និងជំរុញឱ្យប្រជានេសាទ បន្តសកម្មភាពផលិតកម្មធម្មតាតាមផ្លូវច្បាប់ដដែល ក្នុងដែនទឹកកំណត់ដោយប្រទេសវៀតណាម ។ ទាំងនេះចង់បញ្ជាក់ថា បើទោះបីជាប្រទេសចិន ប៉ុនប៉ងដាក់កំហិតក្នុងដែនសមុទ្រចិនខាងត្បូងក៏ដោយ ។
ក្នុងលិខិតរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានទាត់ចោលបំរាមនេសាទក្នុងដែនសមុទ្រចិនចាប់ពីថ្ងៃទី១ ខែឧសភា ដល់១៦ ខែសីហារបស់ចិននេះ ដែលប្រទេសទាំងពីរបានអះអាងជារបស់ខ្លួនរៀងៗខ្លួន។ ការទាត់ចោលនេះ កើតឡើងមួយខែក្រោយពីចិនបានបាញ់ពន្លិចទូកដឹកប្រជានេសាទវៀតណាមដែលទើបបានជួយសង្គ្រោះ។
បើយោងតាមរបាយការណ៍របស់សារព័ត៌មាន VietnamNet ដែលជាសារព័ត៌មានផ្លូវការរបស់ក្រសួងព័ត៌មាននិងទំនាក់ទំនង វៀតណាមគណៈកម្មការប្រជាជនប្រចាំខេត្តនិងទីក្រុង របស់វៀតណាម ត្រូវបញ្ជាអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពនេសាទរបស់ទូកនេសាទក្នុងដែនសមុទ្រខ្លួន។
ក្រសួងកសិកម្មវៀតណាម ក៏បានផ្តល់លេខទូរស័ព្ទទាន់ហេតុការណ៍ ដែលប្រជាជនអាចរាយការណ៍ ហេតុការណ៍ចៃដន្យនានា ជូនដល់នាយកដ្ឋានត្រួតពិនិត្យការនេសាទ ក្នុងអំឡុងពេលនៃសេចក្តីប្រកាសព័ត៌មានរបស់ចិននេះ។ ករណីការនេសាទនេះ បានគំរាមកំហែងដល់ភ្លើងជម្លោះដែនសមុទ្រចិនខាងត្បូង ដែលប្រជាជាតិនានាមានភាពតានតឹងនឹងគ្នាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ជុំវិញបញ្ហានេះដែរ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានព្រមានទីក្រុងប៉េកាំង លើការធ្វើឱ្យផ្ទុះរីកសាយជំងឺរាតត្បាត COVID-19 ដើម្បីបង្វែរការចាប់អារម្មណ៍ពីសាធារណលើការទន្ទ្រានដែនសមុទ្ររបស់ខ្លួនកាលពីខែមេសា បន្ទាប់ពីចិនបានបញ្ជូលនាវាទៅក្នុងដែនជម្លោះនោះដែលនាវានោះទំនងមានគោលដៅរុករកប្រេង។
សូមជម្រាបថា កន្លងមកប្រទេសវៀតណាម បានធ្វើការតវ៉ាប្រឆាំងការបញ្ជូលនាវានោះ រួមទាំងការបាញ់ពន្លិចទូកនេសាទរបស់ខ្លួនដែរ។ប្រទេសហ្វីលីពីន ដែលធ្លាប់តែរុញរាលើការរិះគន់ចិនក្នុងករណីដែនសមុទ្រនេះ បានបង្ហាញការគាំទ្រវៀតណាមលើករណីនេះក្រោយពេលព្រឹត្តិការណ៍លិចទូកនេសាទ។ បន្ថែមលើនេះ សូម្បីតែប្រទេសឥណ្ឌូណេស៊ី ដែលមិនមែនជាភាគីជម្លោះនៃដែនជម្លោះសមុទ្រចិនខាងត្បូងក៏បានបាញ់ពន្លិចនាវាចិនជាច្រើនគ្រឿងកាលពីឆ្នាំ២០១៩ ដោយចោទប្រកាន់ថាចូលនេសាទខុសច្បាប់។
ដោយឡែប្រទេសម៉ាឡេស៊ីវិញ ក៏ប្រឆាំងតវ៉ាការបញ្ជូននាវារុករកប្រេងសាជាថ្មីរបស់ចិនកាលពីខែមេសា កន្លងទៅ ។ ដោយកាលពីសប្តាហ៍មុននេះ សហរដ្ឋអាមេរិក ក៏បានបង្ហាញការជំទាស់ ដែលអាមេរិកហៅវាថា ជាសកម្មភាពបង្ខិតបង្ខំនិងខុសច្បាប់ ក្នុងដែនសមុទ្រចិនខាងត្បូងដោយបានបញ្ជូននាវាចម្បាំងឈ្មោះ USS Gabrielle Giffords យកឈ្មោះតាមអតីតសមាជិកព្រឹទ្ធសភារដ្ឋ Arizona ដែលធ្លាប់រងរបួសក្នុងការប៉ះទង្គិចកាលពីឆ្នាំ២០១១។
ទាក់ទិនរឿងនេះដែរ លោក Vice Adm. Bill Merz មេបញ្ជាការកងនាវាទី៧ នៃកងទ័ពជើងទឹកអាមេរិកាំង បាននិយាយថា៖ «សកម្មភាពការងារប្រចាំថ្ងៃដំណើរការជាធម្មតា តួយ៉ាងនាវា Gabrielle Giffords’ គឺសបញ្ជាក់ឱ្យឃើញថា ស.រ.អា. នឹងបន្តការហោះហើរ និងធ្វើនាវាចរដោយសេរី តាមច្បាប់អន្តរជាតិ និងច្បាប់សមុទ្រ បើទោះជាមានការទាមទារ ឬព្រឹត្តិការណ៍កើតឡើងថ្មីៗនេះក៏ដោយ»។
គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូង ដែលស្ថិតនៅដែនទឹកត្រួតគ្នារបស់ប្រជាជាតិអាស៊ីជាច្រើននេះ ត្រូវគេមើលឃើញថា សម្បូរដោយមច្ឆជាតិ និងប្រេងឥន្ធនៈ។ ប៉ុន្តែប៉ុន្មានខែនេះ សេដ្ឋកិច្ចវិស័យនេសាទរបស់ប្រទេសវៀតណាម មានការធ្លាក់ចុះដោយសារជំងឺ COVID-19 ហើយពាណិជ្ជកម្មអាហារសមុទ្រជាមួយនឹងប្រទេសចិនក៏ថយដូចគ្នាដែរ។
លោក Nguyen Viet Thang ប្រធានសមាគមនេសាទវៀតណាម បានស្នើសុំរដ្ឋាភិបាលឱ្យជួយការពារផលប្រយោជន៍ប្រជានេសាទ និងតបតប្រឆាំងបំរាមនេសាទក្នុងរដូវប្រាំងរបស់ចិននេះ។
លោក បានសរសេរលិខិតក្នុងនាមសមាគម ជូនរដ្ឋាភិបាលក្នុងខ្លឹមសារថា៖ «បំរាមនេះ មិនអាចអនុវត្តក្នុងអធិបតេយ្យភាពដែនសមុទ្រវៀតណាមឡើយ។ ប្រជានេសាទវៀតណាម មានសិទ្ធិពេញលេញនេសាទក្នុងដែនទឹករបស់ខ្លួនក្នុងដែនអធិបតេយ្យវៀតណាម»។ ក្រសួងការបរទេសវៀតណាម ក៏បានឆ្លើយតបក្នុងន័យដូច្នេះដែរ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang វៀតណាម នឹងច្រានចោលការសម្រេចចិត្តបែបអត្តនោម័តិរបស់ចិននេះ។ ជាមួយនឹងការប្រើពាក្យវៀតណាមហៅដែនសមុទ្រចិនខាងត្បួង លោកស្រី បន្តថា៖ «យោងតាមបរិបទតំបន់និងសាកល ប្រទេសវៀតណាមស្នើឱ្យចិនឈប់បង្កភាពស្មុគស្មាញក្នុងដែនសមុទ្រខាងកើត»។ ប្រទេសចិន បាននិយាយថា វៀតណាម គ្មានសិទ្ធិតវ៉ាប្រឆាំងបំរាមនេសាទនេះទេ៕ដោយ៖ស តារា