ខេត្ដកណ្ដាល៖ ប្រធានមន្ទីររ៉ែ និង ថាមពលខេត្ដកណ្ដាល កាលពីពេលថ្មីនេះ បានទម្លាក់ការទទួលខុសត្រូវលើក្រសួង រ៉ែ និងថាមពលថា មានភាពយឺតយ៉ាវ សម្រេចតាមសំណើរបស់ថ្នាក់ខេត្ដ ក្នុង ការបិទរណ្ដៅដីដែលខុសច្បាប់ ។
លោក ចក់ គង់ ប្រធានមន្ទីររ៉ែ និង ថាមពលខេត្ដកណ្ដាលបានថ្លែងថា លោក និងលោកអភិបាលខេត្ដកណ្ដាលបានដាក់លិខិតទៅកាន់ក្រសួងរ៉ែ និងថាមពល រួចហើយដើម្បីស្នើសុំគោលការណ៍បិទ រណ្ដៅដី ដែលអនុវត្ដបំពានច្បាប់នៅ ទូទាំងខេត្ដកណ្ដាល ប៉ុន្ដែរហូតមកដល់ ពេលនេះនៅមិនទាន់ឃើញលិខិតសម្រេចពីក្រសួងនៅឡើយទេ ។
ការថ្លែងបែបនេះបានធ្វើឡើងបន្ទាប់ពីមានការរិះគន់យ៉ាងចម្រូងចម្រាស ពីក្រុមប្រជាពលរដ្ឋទៅលើរណ្ដៅដីដ៏សែនជ្រៅនានានៅក្នុងស្រុកកណ្ដាលស្ទឹង ជា ពិសេសរណ្ដៅដីមួយកន្លែងដែលម្ចាស់ ឈ្មោះ ឌីន មានទីតាំងក្នុងភូមិ ស្រីស្ដំ ឃុំ កណ្ដោក ស្រុកកណ្ដាលស្ទឹង ក្បែរស្ពាន ព្រែកកំពឹស ដែលកំពុងតែធ្វើការដឹក ជញ្ជូនយ៉ាងមមាញឹកយកទៅចាក់បំពេញទីតាំងដីរបស់ឧកញ៉ាវ័យក្មេងម្នាក់ ។
យោងតាមក្រុមអ្នកភូមិបានឱ្យដឹងថា រណ្ដៅដីនោះបានធ្វើសកម្មភាពយូរហើយ ដោយមានឡានធំៗរាប់រយគ្រឿងដឹក ជញ្ជូនអាចម៍ដីចេញដោយគ្មានគម្រប ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងផ្លូវជាតិលេខ២ដែលជាការបំពានទៅលើបម្រាមរបស់សម្ដេចតេជោនាយក រដ្ឋមន្ដ្រី ។ អ្វីដែលជាហានិភ័យធ្ងន់ធ្ងរ បំផុតនោះ គឺការបាក់ស្រុតដីនិងអាច ឆក់យកជីវិតមនុស្សដោយសារណ្ដៅដី នោះ ប៉ុន្ដែកន្លងទៅគេហាក់មិនដែល ឃើញមន្ដ្រីជំនាញនិងអាជ្ញាធរអើពើ ឡើយ ៕
ដោយ៖ ហេង នរិន្ទ្រ










