ខេត្ដសៀមរាប៖ សិប្បកម្មកែច្នៃឈើ ជាច្រើនកន្លែង ស្ថិតនៅក្នុងភូមិខ្លាឃ្មុំ ឃុំ គោកធ្លកលើ និងភូមិប៉ាតត ឃុំគោក ធ្លកក្រោម ស្រុកជីក្រែង ខេត្ដសៀមរាប រីកដុះដាលដូចផ្សិត តែពុំត្រូវបានហាម ឃាត់ និងមានវិធានការទប់ស្កាត់ ឬ បង្ក្រាបនោះឡើយ ។ ជាហេតុធ្វើឱ្យការ កាប់បំផ្លាញព្រៃឈើកើនឡើងជាលំដាប់ក្នុងការដឹកឈើហ៊ុបចូលរោងសិប្បកម្ម ខុសច្បាប់ទាំងនេះ ។
តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា សិប្បកម្មដែលកំពុងតែធ្វើសកម្មភាព កែច្នៃដោយ គ្មានច្បាប់អនុញ្ញាត មិនតិច ជាង៦០សិប្បកម្មនោះឡើយ ក្នុងនោះ ក៏មានសកម្មភាពដឹកឈើហ៊ុបជាបន្ដ កន្ទុយគ្នាចូលស្រុកជីក្រែងយកទៅដាក់ ក្នុងសិប្បកម្ម និងត្រូវបានពុះបំបែកឈើ ដោយប្រើម៉ាស៊ីនត្រង់សឺន័រ ព្រមទាំង ម៉ាស៊ីនអារច្រៀក ខាត់ឈើដោយម៉ាស៊ីន ក្រឡឹងបង្កឱ្យសំឡេងលាន់រំពងអឺងកង តែពុំត្រូវបានលោក ថៃ គឹមសុង នាយ សង្កាត់រដ្ឋបាលព្រៃឈើជីក្រែង និងលោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើ ជីក្រែងចាប់អារម្មណ៍នឹងអើពើពីការ បង្ក្រាបនោះឡើយ ព្រោះលោកក៏ទទួល បានសក្ការៈពីឈ្មួញទាំងនោះដែរ បើសិន មិនបានទេនោះ ម្ល៉េះសមលោកចាត់ ការតាំងពីដំបូងឯណោះ ។
លោក ថៃ គឹមសុង នាយសង្កាត់រដ្ឋ បាលព្រៃឈើជីក្រែងបានឱ្យដឹងថា ជុំវិញ ការបើកសិប្បកម្មរបស់ប្រជាពលរដ្ឋ លោកមានគម្រោងបង្ក្រាបដែរ ប៉ុន្ដែមិន ទាន់បានប្រជុំគណៈបញ្ជាការឯកភាព ស្រុកព្រោះការបង្ក្រាបទ្រង់ទ្រាយធំបែប នេះទាល់តែគណៈបញ្ជាការឯកភាពស្រុករួមជាមួយនឹងរដ្ឋបាលព្រៃឈើទើបអាចបង្ក្រាបបានហើយកាលពីប្រជុំគណៈបញ្ជាការឯកភាពស្រុកមុនៗលោកសុំបង្ក្រាបដែរ ។ ប៉ុន្ដែអាជ្ញាធរឃុំ និងអាជ្ញាធរ ស្រុកនិយាយថាពុំចាំបាច់ធ្វើទេព្រោះ ប្រជាពលរដ្ឋ២ភូមិនេះមានជីវភាព ក្រក្រីណាស់សុទ្ធតែយកលុយពីធនាគារមកធ្វើរបរនេះទេ ។ ទោះយ៉ាងណាក៏ដោយ រដ្ឋបាលព្រៃឈើត្រូវតែបង្ក្រាបសិប្បកម្មទាំងពីរភូមិនេះព្រោះមានការរឹតបន្ដឹងពីរាជរដ្ឋាភិបាល ។
យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើហ៊ុប ចេញពីឃុំខ្វាវ ស្រុកជីក្រែង ខេត្ដសៀម រាប ត្រូវបានដឹកជារៀងរាល់យប់ដោយ ពុំដែលឃើញមានការបង្ក្រាបនោះទេ ដោយសារតែ មានការត្រូវរ៉ូវគ្នាជាមួយ សមត្ថកិច្ចជំនាញ បរិស្ថាន មេព្រៃ និង អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែល បានតាំងខ្លួនជាអ្នកទប់ស្កាត់និងការពារ ព្រៃឈើតែផ្ទុយទៅវិញសកម្មភាពដឹក ឈើនៅតែបន្ដបានដោយរលូន ៕

ដោយ៖ ប៊ុន រិទ្ធិ










