កម្ពុជា កំពុងសិក្សាពីលទ្ធភាពនាំចេញប្រភេទត្រីប្រា និងត្រីទីឡាបព្យា ទៅកាន់ប្រទេសជប៉ុន និងចិន

ចែករំលែក៖

ភ្នំពេញ៖ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម លោក ថាយ សុមុនី កាលពីពេលថ្មីៗនេះ បានអះអាងថា រដ្ឋាភិបាលកម្ពុជា កំពុងសិក្សាពីលទ្ធភាពនាំចេញប្រភេទត្រីប្រា និងត្រីទីឡាបព្យា ទៅកាន់ប្រទេសជប៉ុន ពី៥០តោន ទៅ១០០តោន និងកំពុងសិក្សាពីលទ្ធភាពដើម្បីនាំចេញទៅប្រទេសចិន។

បើតាមការលើកឡើងរបស់លោក ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម ពាក់កណ្ដាលខែសីហា ឆ្នាំ២០២០កន្លងទៅនេះថា បច្ចុប្បន្នក្រសួងកសិកម្ម កំពុងស្នើចិន នូវលទ្ធភាពនាំចេញត្រីទីឡាបព្យា និងកន្ធាយដើម្បីនាំចេញទៅចិន។ លោក ថាយ សុមុនី បានបញ្ជាក់យ៉ាងដូច្នេះថា៖«ដោយឡែក ជប៉ុនបានយកសំណាកត្រីទីឡាបព្យាកម្ពុជាទៅពិសោធន៍នៅជប៉ុន ២ដងរួចមកហើយ និងមានគម្រោងនាំចេញត្រីទីឡាបព្យាពីកម្ពុជា ពី ៥០ ទៅ ១០០តោន ប៉ុន្តែដោយសារបញ្ហាកូវីដ១៩ គម្រោងត្រូវបានផ្អាក»

បន្ថែមពីនេះ លោក ថាយ សុមុនី សង្កត់ធ្ងន់ថា សម្រាប់លក្ខខណ្ឌដែលកម្ពុជាអាចនាំចេញផលនេសាទនេះបាន គឺទាមទារឲ្យកសិករចិញ្ចឹមតាមលក្ខណៈបច្ចេកទេស ពូជ និងការផ្ដល់ចំណីឲ្យបានត្រឹមត្រូវ។ ប៉ុន្តែលោកមិន អាចកំណត់ពេលវេលាបាននោះទេ ដោយត្រូវរង់ចាំការសម្រេចពីភាគីជប៉ុន និងចិនសិន

ដោយឡែកលោក អេង ជាសាន ប្រធានរដ្ឋបាលជលផល កន្លងមក បានបង្ហាញពីបរិមាណនៃនាំចេញផលវារីវប្បកម្ម ៤មុខ ប្រមាណ ១ម៉ឺនតោនទៅកាន់ទីផ្សារទៅប្រទេស ថៃ វៀតណាម សាំងហ្គាពួរ ហុងកុង និងចិន ដូចជា ត្រីដំរី បង្កង ខ្យងខ្ចៅ និងអន្ទង់។ រដ្ឋបាលជលផល ជំរុញបង្កើនការផលិតដើម្បីបំពេញតម្រូវការក្នុងស្រុក និងបង្កើនការនាំចេញឲ្យបានច្រើនជាងនេះ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់និងនេសាទប្រចាំឆ្នាំ២០១៩២០២០ លើវិស័យជលផលឆ្នាំ២០១៩ផលនេសាទ និងវារីវប្បកម្មសរុបមានចំនួន ៩០៨ ៥០៨តោន ក្នុងនោះផលនេសាទទឹកសាបមាន ៤៧៨ ៨៥០ តោន ផលនេសាទសមុទ្រមាន១២២ ៥៥០តោន និងផលវារីវប្បកម្មមាន ៣០៧ ៤០៨តោន៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print